ក្រុមបាល់ទាត់អង្គរថាយហ្គឺរ (Angkor Tiger FC) បានយកឈ្នះលើក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ (TIFFY Army FC) ដោយលទ្ធផល៣ទល់២ នៅលើទីលានកីឡដ្ឋាន SRU Stadium ក្នុងទីរួមខេត្តសៀមរាប ខណៈលោកOriol Mohedano គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ បានបង្ហាញមតិមួយចំនួនក្រោយចប់ការប្រកួត។

សម្តីទាំងស្រុងរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះត្រូវបានវិបសាយផ្លូវការរបស់ក្លិបស្រង់សម្តីមកថា៖«យើងបានលេងការប្រកួតដ៏សំខាន់ទល់នឹងក្រុមមួយ ដែលជារៀងរាល់ឆ្នាំតែងតែប្រយុទ្ធយកចំណាត់ថ្នាក់កំពូលក្នុងលីក។ យើងដឹងពីភាពគ្រោះថ្នាក់របស់ពួកគេ ហើយយើងប្រឈមមុខនឹងពួកគេ។ យើងស្ថិតក្នុងស្ថានភាពនិងរបៀបលេងដ៏អស្ចារ្យ នៅ ៤៥នាទីដំបូង ដោយមានការគ្របគ្រងបាល់យ៉ាងច្រើន និងរកបាន ៣គ្រាប់នាំមុខដ៏សំខាន់។
លោកបន្តថា៖ «ក្នុងពេលដែលកំពុងនាំមុខ ៣ ទល់នឹង ០ វាក៏ជាពេលមួយដែលយើងត្រូវមានទំនួលខុសត្រូវទាំងផ្នែកស្មារតី និងកម្លាំង ហើយមិនត្រូវបាត់បង់ការតាំងអារម្មណ៍ តែជាសំណាងអាក្រក់ យើងរបូត ២គ្រាប់ជាប់ៗគ្នា ដែលបង្ហាញឲ្យឃើញថា យើងមានចំណុចត្រូវកែប្រែដូចជាភាពរឹងមាំ និងការតាំងចិត្តប្រកួតប្រជែង»។
«យើងប្រឹងប្រែងយ៉ាងខ្លាំងដោយមិនឲ្យបរាជ័យក្នុងការប្រកួតដែលយើងសាកសមនឹងទទួលជ័យជម្នះ ហើយនៅវគ្គទីពីរ យើងត្រឡប់មកវិញដោយភាពព្យាយាមលះបង់ និងផ្ដោតអារម្មណ៍ជាទីបំផុត។ យើងនៅតែមានឱកាសល្អខ្លះៗក្នុងការទាត់បញ្ចូលទីថែមទៀត ហើយយើងក៏បានបន្ថែមនូវភាពរឹងម៉ាំផ្នែកការពារនៅនាទីចុងក្រោយ ដើម្បីធានាជ័យជម្នះ។ នៅទីបំផុតយើងយកបាន ៣ពិន្ទុ»។ លោក Oriol Mohedano បន្ថែម។
លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំមានការគោរពចំពោះក្រុម ទ័ព ដែលមិនបោះបង់ ហើយឥឡូវយើងផ្ដោតលើការប្រកួតបន្ទាប់ ទល់នឹងក្រុម នគរបាលជាតិ និងព្យាយាមកែកំហុសដែលយើងមាន»។
គ្រាប់បាល់៥គ្រាប់កើតឡើងក្នុងប្រកួតនេះរកបានដោយកីឡាករ ឡុង ភារ៉ាត់, Taleila Maksim, តាំង ពិសី របស់អង្គរថាយហ្គឺរ ហើយ២គ្រាប់របស់កងយោធពលខេមរភូមិន្ទ រកបានដោយកីឡាករ Santos និងណារ៉ុង កក្កដា៕
រូបថត៖ AngkorTigerFC