បន្ទាយមានជ័យ ៖ កងកម្លាំងប្រតិបត្តិការ ទាំងកងរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ កងកម្លាំងខាងប្រទេសថៃ និងកម្លាំងផ្សេងទៀត បានបញ្ចប់ការការ នៃការរុករកសាកសព ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យ ឆេះអគារកាស៊ីណូហ្គ្រេនដាយមិន និងរីសត ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រឹមវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ក្នុងរយៈពេល២ថ្ងៃ រកឃើញសាកសពសរុបចំនួន២៦នាក់ ស្រី១២នាក់ ចំណែកជនរងរបួសសុបចំនួន៨៨នាក់ របួសស្រាលចំនួន៦៥នាក់ , របួសធ្ងន់ចំនួន២៣នាក់ ។

តាមអាជ្ញាធរបានឲ្យដឹងថា អគារកាសុីណូខាងលើទទួលរងអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានបុគ្គលិកបម្រើការងារចំនួន៥០០នាក់ ភ្ញៀវចូលលេង និងស្នាក់នៅចំនួនជាង១០០០នាក់ ។

ក្រោយពីរងនូវអគ្គិភ័យ បណ្តាលឲ្យមានជនរងគ្រោះ មានអ្នកស្លាប់ និងរបួស ច្រើននាក់ ហើយត្រូវបានកម្លាំងសមត្ថកិច្ច តាមបណ្តាជំនាញ តាមអង្គភាពជាច្រើន ចេញទៅអន្តរាគមន៍ ជាបន្តបន្ទាប់ ក្នុងនោះវត្តមានកម្លាំង កងរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ កម្លាំងសង្គ្រោះប្រទេសថៃ និងកម្លាំងផ្សេងទៀត បញ្ជូនដល់ទីតាំងកើតហេតុ នៅព្រលឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ធ្វើប្រតិបត្តិការ ពន្លត់អគ្គិភ័យ និងរុករកជនរងគ្រោះ ដែលជាប់គាំងក្នុងអគារ ជាលទ្ធផល ក្នុងរយៈពេល២ថ្ងៃ រកឃើញជនរងរបួសចំនួន៨៨នាក់ របួសធ្ងន់ចំនួន២៣នាក់ របួសស្រាលចំនួន៦៥នាក់ រកឃើញជនរងគ្រោះដែលបានស្លាប់ចំនួន២៦នាក់ ស្រីចំនួន១២នាក់ (ក្រោយកោសល្យវិច័យ) ។

នៅក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងរុករក រកឃើញសាកសពចំនួន១៤នាក់ ប្រុស៧នាក់ ស្រី៧នាក់ ក្នុងនោះជនជាតិថៃ១១នាក់ ចិន១នាក់ នេប៉ាល់១នាក់ ខ្មែរ១នាក់ ។

ហើយកម្លាំងបននតរុករកនៅក្នុងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រកឃើញសាកសពចំនួន១២នាក់ ប្រុស៨នាក់ ស្រី៥នាក់ ក្នុងនោះ ជនជាតិថៃ៦នាក់ ម៉ាឡេសុី១នាក់ ចំណែកសាកសព៥នាក់ទៀត មិនទាន់កំណត់សញ្ជាតិបាន ។

ក្នុងការងារប្រតិបត្តិការរុករកនិងសង្គ្រោះ នៅក្នុងអគារកាសុីណូ រងនូងអគ្គិភ័យឆាបឆេះខាងលើ ត្រូវបានបញ្ចប់ត្រឹម វេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ចំពោះការងារបន្ត បានប្រគល់ឲ្យខាងអាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធ ចាត់ការបន្ត ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.