ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្តកិច្ចសន្យាចំនួន ១រដូវកាលបន្ថែមទៀត ជាមួយខ្សែបម្រើប្រយុទ្ធ Valerii Grishiin និងខ្សែបម្រើ Yudai Ogawa ក្រោយជួយឲ្យក្លិបឈ្នះលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២២។

ក្នុងនោះផងដែរ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹកលោក Oleg Starynskyi រយ:ពេល២រដូវកាលបន្ថែមទៀត បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះបានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេសគឺទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់លោក Oleg Starynskyi បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ។

គួរដឹងថានេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២។

សម្រាប់​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.