រូបភាព Phal Norakrattanak

ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសឈានទៅវគ្គបន្តក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយធ្លាក់ត្រឹមវគ្គជម្រុះពូល A បន្ទាប់ពីចាញ់ថៃ ក្នុងលទ្ធផល ៣-១ នៅពហុកីឡដ្ឋាន Thammasat ខេត្ត Pathum Thani នារាត្រីថ្ងៃទី០២ ខែធ្នូ។

នេះគឺជាការចាញ់លើកទី៦ របស់គោព្រៃកម្ពុជា (សម្រាប់​ឈុតធំ) ពេលជួបក្រុមជម្រើសជាតិថៃ សរុប៧លើកដោយរាប់ចាប់តាំងពី​ឆ្នាំ ១៩៥៧ ខណ:ធ្លាប់​ស្មើ​ម្ដងប៉ុណ្ណោះ​នៅ​ឆ្នាំ ១៩៧១ ក្នុងលទ្ធផល ១-១ ពានរង្វាន់ South East Asian Peninsula Games។

ប្រវត្តិជំនួប៧ប្រកួត​កន្លង​មក​កម្ពុជា-ថៃ៖
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៥៧៖ កម្ពុជា ០-៣ ថៃ ប្រកួត Merdeka Tournament
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៦៤៖ កម្ពុជា ០-១ ថៃ ប្រកួត Merdeka Tournament
ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧១៖ កម្ពុជា ១-១ ថៃ ប្រកួត South East Asian Peninsula Games
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥៖ កម្ពុជា ០-៩ ថៃ ប្រកួត South East Asian Games
ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៧៖ កម្ពុជា ០-៤ ថៃ ប្រកួត South East Asian Games
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០១៖ កម្ពុជា ០-៧ ថៃ ប្រកួត South East Asian Games
ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៖ កម្ពុជា ១-៣ ថៃ ពានរង្វាន់ AFF Championship។

តារាងចំណាត់ថ្នាក់ប្រចាំពូល A៖
១. ថៃ ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
២. ឥណ្ឌូនេស៊ី ៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ
៣. កម្ពុជា ៤ប្រកួត ឈ្នះ២ និងចាញ់២ មាន៦ពិន្ទុ
៤. ហ្វីលីពីន ៤ប្រកួត ឈ្នះ១ និងចាញ់៣ មាន៣ ពិន្ទុ
៥. ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤ មាន០ពិន្ទុ

ក្នុង​ចំណោម​ពានរង្វាន់ AFF Mitsubishi Electric Cup រៀបចំ​ឡើង​​ចំនួន​១៤លើក​ ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​តំបន់អាស៊ាន ក្រុម​កម្ពុជា មាន​ឈ្មោះ​ឆ្លង​ដល់​វគ្គ​ចែក​ពូល​ចំនួន​៩លើក ប៉ុន្តែ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែកពូល ពោល​គឺ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​នោះ​ទេ៕

Share.