យ៉ាងហោចមនុស្ស៤នាក់បានស្លាប់ នៅស្រុកពារាំង ហើយត្រូវបានគេដាក់ការសង្ស័យនៃការស្លាប់នេះជាប់ទាក់ទងទៅនឹង ករណីពុលស្រាស ស្រាថ្នាំ។ ហេតុការណ៍នៃការពុលស្រាស ស្រាថ្នាំនេះ កើតឡើងនៅក្នុងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិថុនា។ 

ក្នុងចំណោមជនរងគ្រោះ នៃការពុលស្រាស ស្រាថ្នាំ ទាំង៤នាក់ រួមមាន ៖ 

 ⁃ ទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ 

 ⁃ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ 

 ⁃ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ 

 ⁃ ទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

បើយោងតាមសមត្ថកិច្ច ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ ក្នុងនោះមានម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់នៅផ្ទះរបស់ពួកគេ។

សមត្ថកិច្ច បានលើកឡើងទៀតថា ចំពោះមូលហេតុ សមត្ថកិច្ច និងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាស ស្រាថ្នាំដូចគ្នា។

ប្រភពដដែល បានឲ្យដឹងទៀតថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាស ស្រាថ្នាំ ដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមកនឹងដឹងជាមិនខាន។ 

ទាំងមន្រ្តីសុខាភិបាល និងសមត្ថកិច្ច បានរាយការណ៍ថា ក្រោយកើតហេតុ មន្រ្តីជំនាញ បានចុះយកសំណាកគំរូស្រា យកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីឲ្យដឹងថា តើក្នុងនោះមានដាក់លាយសារធាតុអ្វីខ្លះ ទើបធ្វើឲ្យមានមនុស្សស្លាប់បែបនេះ ។ ទន្ទឹមនឹងនេះ ក៏មានការចុះត្រួតពិនិត្យកន្លែងលក់ស្រា និងកន្លែងផលិតស្រាច្រើនកន្លែងក្នុងភូមិយោត ជាទីកន្លែងដែលកើតហេតុ។

គួរកត់សម្គាល់ដែរថា កន្លងមកមានមនុស្សស្លាប់ជាច្រើននាក់ ដោយសារតែការពុលស្រាស ស្រាថ្នាំ ដែលមាននៅខេត្តក្រចេះ និងខេត្តកណ្ដាល។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយបានដាក់ពន្ធនាគារ អ្នកផលិត និងអ្នកលក់ផងដែរ។ ឥលូវនេះ កើតមាននៅក្នុងខេត្តព្រៃវែង ប៉ុន្ដែនៅមិនទាន់ច្បាស់ថា តើជាការពុលស្រា ឬយ៉ាងណានោះទេ គឺកំពុងស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ៕

Share.