ជនសង្ស័យ២នាក់បានលួចម៉ូតូរបស់បុរសម្នាក់ដែលចតទុកនៅក្នុងហ្ការាស់ជួសជុលរថយន្តរួច ទៅបាត់ជើងតូចនៅខាងក្រោយ ប៉ុន្តែត្រូវអ្នកជិតខាងឃើញស្រែកផ្អើល ដេញតាមរហូតជនសង្ស័យគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ម៉ោង១៧ និង៣០នាទីនៅចំណុច ក្នុងការ៉ាស់ជួសជុលរថយន្ត ភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ម៉េង សុខអេន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត នៅភូមិព្រៃផ្ចឹកទី០២ ឃុំសរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យមាន២រូបគឺ១-ឈ្មោះ តាវ  វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២-ឈ្មោះ ភាព ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ទីលំនៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាមដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ូតូចំនួន០២ គ្រឿងគឺ១.ម៉ូតូម៉ាក ស៊ូហ្សូគីនិច ពណ៌ស លាយទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1CL-8933 លេខតួ304384 លេខម៉ាស៊ីន304474  (ម៉ូតូជិះធ្វេីសកម្មភាព)។                      

២.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CD-6603 បែកគ្រាប់សោ ក (យកបានមកវិញ ប្រគល់ជូនជនរងគ្រោះ)។

បើតាមសមត្ថកិច្ច     នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងការ៉ាស់ជួសជុលរថយន្តរបស់ខ្លួនរួមដើរទៅបត់ជើងតូច នៅក្រោយផ្ទះមួយសន្ទុះ ស្រាប់តែមានអ្នកជិតខាងស្រែកឆោឡោថាចោរកាច់សោ.កម៉ូតូ ស្របពេលនោះជនរងគ្រោះក៏រត់ចេញពីក្រោយផ្ទះមកទាន់ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពបុកបំបែកសោ.កម៉ូតូរបស់ខ្លួន ហើយជនសង្ស័យទាំង ០២នាក់ នោះបានឮជនរងគ្រោះស្រែកឆោឡោដូច្នេះ ក៏បានធ្វើសកម្មភាពជិះម៉ូតូគេចខ្លួនចេញទៅទិសខាងត្បូងហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋជិតខាងបើកម៉ូតូដេញតាមពីក្រោយទៅដល់ចំណុចភូមិព្រៃឈើទាល ឃុំសំរោងលើ ទើបជនសង្ស័យទុកម៉ូតូចោលរត់គេចចូលព្រៃ  ។ 

លុះថ្ងៃទី០៣.០១.២០២៣  វេលាម៉ោង ០៧និង០០នាទី  ទេីបកម្លាំងសមត្ថកិច្ច  តាមស្វែងរកឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បាន នៅចំណុចក្នុងព្រៃភូមិព្រៃឈើទាល ឃុំសំរោងលើ  ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពថាខ្លួនបានបបួលគ្នាជិះម៉ូតូចេញពីភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរកលួចម៉ូតូគេ។ នៅពេលពួកខ្លួនជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូរបស់ជនរងគ្រោះបញ្ឈរនៅខាងមុខផ្ទះ ទើបខ្លួនបានចូលទៅកាច់សោ.កម៉ូតូ ពេលធ្វើសកម្មភាពនោះស្រាប់តែម្ចាស់ម៉ូតូឃើញ ទើបពួកខ្លួនបានជិះម៉ូតូគេច ហើយបានគុបដែកសម្រាប់កាច់សោ.កម៉ូតូចូលទៅក្នុងព្រៃបាត់ទៅ។

ក្រោយមកផ្នែកជំនាញបានរៀបចំកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.