លោក Jacksen F. Tiago គ្រូបង្វឹកជនជាតិប្រេស៊ីល ដែលកំពុងតែដឹកនាំក្រុមបាល់ទាត់ Persipura Jayapura របស់ឥណ្ឌូណេស៊ី បានចាប់ផ្ដើមប្រមូលកូនក្រុមរបស់ខ្លួនហើយនៅសប្ដាហ៍នេះដើម្បីត្រៀមស្វាគមន៍អ្នកឈ្នះរវាងក្រុមវិសាខា របស់កម្ពុជា ឬ ក្រុម Lalenok United របស់ទីម័រខាងកើត ក្នុងវគ្គជម្រុះពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2021។

នៅក្នុងសន្និសិទសារព័ត៌មានថ្ងៃពុធ សប្ដាហ៍នេះគ្រូបង្វឹក Jacksen បានបញ្ជាក់ថាលោកបានប្រមូលផ្ដុំកីឡាករហ្វឹកហាត់ចំនួន២៦នាក់ ដោយក្នុងនោះមានកីឡាករជប៉ុន ១រូបឈ្មោះ Takuya Matsunaga នឹងធ្វើដំណើរទៅដល់ទីក្រុង Jayapura នៅរសៀលថ្ងៃព្រហស្បត្តិ៍ នេះ។
«ក្រុម Persipura Jayapura ក៏ជួបបញ្ហាហិរញ្ញវត្ថុ ដែរហើយមកទល់ពេលនេះក្លិបមិនទាន់មានផែនការចេញទៅហ្វឹកហាត់ឬប្រកួតមិត្តភាពនៅខាងក្រៅខេត្ត Papua របស់ខ្លួននៅឡើយ។ យើងនឹងស្វែងរកក្រុមដែលមានកម្រិតប្រហាក់ប្រហែលគ្នាដើម្បីប្រកួតមិត្តភាព កុំឱ្យខុសគ្នាឆ្ងាយពេក»។ លោកគ្រូបង្វឹកវ័យ៥២ឆ្នាំបញ្ជាក់។
ម៉្យាងផែនការរបស់ក្លិបគឺចុះបញ្ជីកីឡាករសរុបចំនួន៣០នាក់ ឱ្យស្របតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ដែលក្រុមជាសមាជិកពាន AFC Cup អាចចុះបញ្ជីសមាជិកបានយ៉ាងច្រើន៣០នាក់ ក្នុងក្រុម។ ប៉ុន្តែនៅពេលនេះក្លិបមិនទាន់បង្ហាញសមាសភាពកីឡាករ៤ រូបទៀតនៅឡើយនោះទេ។
តាមផែនការអ្នកឈ្នះរវាងក្រុមវិសាខា និងក្រុម Lalenok United នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រូវឡើងទៅជួបក្រុម Persipura Jayapura ក្នុងវគ្គជម្រុះតំបន់អាស៊ាន នៅថ្ងៃទី១៩ ខែឧសភា ដើម្បីរកអ្នកឈ្នះឡើងទៅលេងវគ្គចែកពូលក្នុងពូល H នៃពាន AFC Cup 2021 ដែលមានក្រុមKedah Darul Aman របស់ម៉ាឡេស៊ី, Lion City Salilors របស់សិង្ហបុរី និង Saigon របស់វៀតណាម កំពុងអង្គុយចាំ៕