យោងតាមការបង្ហោះរបស់ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថាលោក Keisuke Honda អ្នកចាត់ការទូទៅ បានប្រកាសចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ ក្រោយកុងត្រារបស់លោកត្រូវបានផុតនៅឆ្នាំ ២០២២។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងដូច្នេះថា៖«សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ​ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”»។

តាមរយៈវីដេអូដែលផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានផ្តាំផ្ញើរកូនក្រុមឈុតធំចុងក្រោយថា៖«ខ្ញុំសង្ឃឹមថានឹងអាចឃើញកម្ពុជាលេង World Cup មុនពេលខ្ញុំស្លាប់»។ បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ២០២២។

យ៉ាងណាមិញលោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ជុំវិញ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លោក Keisuke Honda ថ្លែងដូច្នេះ​ថា​៖«​វា​ពិតជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​យើង។ ពិត​ណាស់ យើង​នឹង​ព្យាយាម​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ តែ​ដូចដែល​អ្វី​ខ្ញុំ​បាន​និយាយ យើង​គួរតែ​យល់​ថា ការ​ប្រកួតប្រជែង​នេះ​វា​លំបាក​យ៉ាងណា ប៉ុន្ដែ​ពិត​ណាស់ អ្វី​ៗ​អាច​កើតឡើង មិន​ថា​ទល់​នឹង​ថៃ ឬ​វៀតណាម។ យើង​ប្រហែលជា​អាច​ឈ្នះ ទោះបីជា​មាន​ភាគរយ​តិច ដូច្នេះ​ហើយ​ទើប​បានជា​យើង​ព្យាយាម​បង្កើន​ភាគរយ ទោះបីជា​១​ភាគរយ ក៏​យើង​ត្រូវ​តែប្រឹង​»​។

លោក Keisuke Honda ក៏បានបង្ហើបអំពី​ផែនការ​ចំនួន ២ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលប្រទេស​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត​។

​ផែនការ​២​ជាក់លាក់ ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​ មានដូចជា៖
១. យើង​នឹង​រៀបចំ​ជំរំ​ហ្វឹកហាត់​ក្នុង និង​ក្រៅប្រទេស​មុន​ស៊ី​ហ្គេ​ម​។ យើង​មាន​ពេល​ដើម្បី​អភិវឌ្ឍ​ជា​ក្រុម ទាំង​ផ្នែក​បច្ចេកទេស, កលល្បិច, កាយសម្បទា និងចិត្តសាស្រ្ត។
២. ​ការ​ប្រើប្រាស់​កីឡាករ​លើស​អាយុ ពិត​ណាស់​ប្រទេស​ដទៃ​ប្រើប្រាស់​បែប​នេះ​ដែរ​។ ដូច្នេះយើង​នឹង​ជ្រើសរើស​កីឡាករ​ពិសេស​ៗ​ដែល​លើស​អាយុ​ទាំងនេះ​គឺជា​អ្វី​ដែល​យើង​កំពុង​ធ្វើ​៕

Share.