កណ្តាល៖  រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៣បានដាក់ចេញនូវវិធានការចំនួន៧ ដើម្បីទប់ស្កាត់ហានិភ័យលើអាជីវកម្មកំពង់ចម្លងទូទាំងខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២២នេះ បានដាក់ចេញនូវវិធានការ៧ចំណុចរួមមាន៖

-១.គ្រប់អាជីវកម្មកំពុងចម្លងទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប 

-២.គ្រប់អាជីវកម្មកំពុងចម្លងទាំងអស់ត្រូវប្រើប្រាស់ទូកដែកដែលមានទំហំនិងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង

-៣.ត្រូវមានប្រជាការពារម្នាក់ប្រចាំការណ៍តាមកំពង់ចម្លងដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ

-៤.ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង

-៥.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក (ឈៀកពោងសុវត្ថិភាពភ្លើងបំភ្លឺ ខ្សែពួរ អាវពោង កំណល់…)

-៦.អ្នកបើកបរទូកចម្លងត្រូវមានប័ណ្ណបើកបរទូក

-៧.ត្រូវរៀបចំផ្លូវឡើងចុះនិងផែឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។

យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ដែរថា ចំពោះអាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱបត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែកដែលមានទំហំនិងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះ។ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តកណ្ដាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មចម្លងជាដាច់ខាត។

រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវមានការឯកភាពពីរដ្ឋបាលខេត្តនិងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។កន្លងមកការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លងមិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកដចម្លងឱ្យបានប្រសើរនៅឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២២មានឧបទ្ទវហេតុករណីលិចទូកដចម្លងមួយគ្រឿងនៅភូមិកោះចម្រើនឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលបង្កឱ្យបាត់បង់ជីវិតសិស្សសាលាចំនួន១២នាក់ក្នុងឧបទ្ទវហេតុនោះបណ្ដាលមកពីទូកដចម្លងពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖តាខ្មៅ

Share.