ជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានទៅរុះរើផ្ទះឈ្មោះ ផេង ស្រ៊ី ធ្វើឲ្យយខូចខាតទាំងស្រុង។ ដើមចមនៃការរុះរើផ្ទះនេះ មកពីជនសង្ស័យចោទថា ផ្ទះដែលសាងសង់នេះ បានធ្វើនៅមុខក្បាលដីរបស់ខ្លួន។ 

ក្រោយកើតហេតុនេះ ម្ចាស់ផ្ទះឈ្មោះ ផេង ស្រ៊ី ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកអំពិល។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរនរក ភូមិឃ្លាំងមឿងជង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី ១៧ ខែមិថុនា ២០២១ វេលាម៉ោង ៩ព្រឹក។ 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមបណ្ដឹងមានឈ្មោះ ផេង ស្រ៊ី ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ចំពោះជនសង្ស័យ មានចំនួន៤នាក់ ដែលមានឈ្មោះដូចជា ៖

  • ១.ឈ្មោះ ហ៊ាន វុទ្ធី ហៅ អូន   ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួននៅថ្ងៃទី១៩.០៦.២០២១ វេលាម៉ោង១១ៈ២០នាទី) ។
  • ២.ឈ្មោះ ហ៊ាន ស៊ីហ៊ិម   ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន) ។
  • ៣.ឈ្មោះ ហ៊ាន ស៊ីធាន   ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)។
  • ៤.ឈ្មោះ ហ៊ាន វិទូ   ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (គេចខ្លួន)

ចំពោះដើមហេតុ ផ្អែកតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា នៅឆ្នាំ២០១៧ ឈ្មោះ ខាន់ ដាង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាក់ដីធ្វើផ្ទះមាត់អូរជាដីរបស់រដ្ឋ ក្រោយមកឈ្មោះ ខាន់ ដាង បានលក់ដីនោះឲ្យទៅឈ្មោះ សុក កាស៊ីម ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ សៀម ចាន់ថន នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ក្រោយមកឈ្មោះ សុក កាស៊ីម បានសងផ្ទះជញ្ជាំងធ្វើពីសង្ខ័សី ដំបូរប្រក់សង្ខ័សី រនៀបឫស្សី សរសកូនឈើ ។  លុះមក ដល់ថ្ងៃទី ១៥.០៧.២០១៩ ឈ្មោះ សុក កាស៊ីម បានលក់ដី និងផ្ទះឲ្យឈ្មោះ ផេង ស្រ៊ី ភេទ ស្រី អាយុ៦៤ឆ្នាំ នៅភូមិឃាំងមឿងត្បូង ឃុំព្រែកអំពិល។  

បន្ទាប់ពីលក់ហើយ មកដល់ថ្ងៃទី១៧.០៦.២០២១ វេលាម៉ោង៩ព្រឹក ស្រាប់តែឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល បានទៅរុះរើផ្ទះដែលឈ្មោះ ផេង ស្រ៊ី ទិញពីឈ្មោះ សុត កាស៊ីម ជាមួយ ឈ្មោះ ហ៊ាន ស៊ីហ៊ិម ភេទប្រុស និងឈ្មោះ ហ៊ាន ស៊ីធាន ភេទប្រុស និងឈ្មោះ ហ៊ាន វិទូ ភេទប្រុស បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយមកឈ្មោះ ផេង ស្រ៊ី បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល។ ដល់ថ្ងៃទី១៩.០៦.២០២១ វេលាម៉ោង៩ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំព្រែកពិល បានហៅឈ្មោះ ហ៊ាន វុទ្ធី មកសាកសួរ ហើយឈ្មោះ ហ៊ាន វុទ្ធី បានសារភាពថាខ្លួនរួមទាំងប្អូនៗខ្លួនពិតជាបានរុះផ្ទះឈ្មោះ ផេង  ស្រ៊ី បណ្តាលឲ្យខូខាតពិតប្រាកដមែន ដោយខ្លួនយល់ថាផ្ទះនេះធ្វើនៅមុខក្បាលដីរបស់ខ្លួន  ។

ជុំវិញសំណុរំរឿងនេះ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាន វុទ្ធី បន្តអនុវត្តតាមនីតិវិធី ៕

Share.