សិល្បៈជាតិ៖ បញ្ហាជំងឺបំពង់សំឡេងព្យាបាលមិនជាអស់រយៈពេលជាង ១ កន្លងឆ្នាំមកនេះ តារាចម្រៀង សួស វីសា បាននិយាយប្រាប់ថា តាមផ្លូវក្នុងមានគេយកសំឡេងទៅលាក់ទុកនៅលើភ្នំ ព្រោះខុសមាត់ខុស.ក បន់ស្រន់ហើយមិនព្រមធ្វើតាមសម្ដី។

សា្ថនភាពសុខភាពរបស់អ្នកនាង សួស វីសា ដែល​មានបញ្ហាឈឺបំពង់កជាង១ឆ្នាំកន្លងមកនោះ ពេលនេះ​បានប្រ​សើរ​ជាង​មុនច្រើនហើយ ក្រោយពេលអ្នកនាង​ទៅ​ជួប​ពេទ្យថៃចុងក្រោយកាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០២២ និងទទួលបានលិទ្ធផលល្អប្រសើរជាងមុនច្រើន ដោយអ្នកនាងអាចឡើងច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ និង​ចេញទៅក្រៅប្រទេសដោយរីក​រាយជាមួយក្រុមគ្រួសារកាលពីថ្ងៃឆ្លងឆ្នាំ។

ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ ក៏បាននិយាយរៀបរាប់ថា បើទោះបីបច្ចេកវិទ្យាពេទ្យមានភាពរីកចម្រើន និងអាចព្យាបាលឱ្យអ្នកជាសះស្បើយបានក៏ពិតមែន ក៏ប៉ុន្តែអ្នកនាងក៏មិនអាចបំភ្លេចរឿងមួយសំខាន់ដូចគ្នា ដែលពាក់ព័ន្ធជាមួយផ្លូវក្នុងខាងអបិយជំនឿ។

អ្នកនាង សួស វីសា និយាយថា មានគ្រូទាយម្នាក់ដែលជាប់សាច់ឈាមជាមួយអ្នកនាងបានប្រាប់ថា សំឡេងរបស់អ្នកនាងត្រូវគេយកទៅលាក់ទុកនៅលើភ្នំ ព្រោះតែខុសសម្ដីដែលអ្នកនាងបន់ស្រន់ហើយមិនព្រមធ្វើតាម ក្រោយសម្រេចបំណង។ វីសាបន្តថា អ្នកនាងមិនបានបន់អ្វីនោះទេ ប៉ុន្តែត្រូវបានគ្រូទាយរម្លឹកថា មានរៀបចំពិធីបន់សែនព្រេងទ្រង់ទ្រាយធំណាស់។

លឺសម្ដីបែបនេះហើយទើបតារាស្រីរូបនេះបាននឹករលឹកដល់ថ្ងៃធ្វើពិធីសំពះគ្រូ ដោយអ្នកនាងបានរាំសំពះគ្រូនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ ដោយគ្មានឯកសណ្ឋានជាអ្នករបាំថែមទាំងដៀវជើងឡើងមុខព្រះភ័ក្ត្រគ្រូរបាំទៀត និងបានបន់ស្រន់នៅក្នុងចិត្តដែរប៉ុន្តែមិនចាំសម្ដី។ ក្រោយពីដឹងរឿងរ៉ាវផ្លូវក្នុងបែបនេះហើយ អ្នកនាង សួស វីសា និងក្រុមគ្រួសារបានរៀបរាប់ពិធីបន់ស្រន់ខមាទោសសុំសំឡេងមកវិញ ហើយក្រោយមកក៏ទទួលបានអារម្មណ៍ថា បំពង់សំឡេងអ្នកនាងត្រឡប់មកស្រះឡះដូចដើមសឹងតែមិនជឿ។

តារាចម្រៀង សួស វីសា បានផ្ដាំផ្ញើទៅកាន់តារាចម្រៀងដទៃទៀត ពិធីករពិធីការិនី និងអ្នកលក់អនឡាញន៍ដែលប្រើប្រាស់សំឡេងច្រើន សូមឱ្យយកចិត្តទុកដាក់រក្សាសំឡេងរបស់ខ្លួនឱ្យបានច្រើន ព្រោះនៅពេលមានបញ្ហាបំពង់សំឡេងដូចអ្នកនាង នោះនឹងមានអារម្មណ៍ថាសោកស្ដាយជាក់ជាមិនខាន៕

ប្រភព៖ 3Fun

Share.