សិល្បៈ​ជាតិ​៖ នៅ​ថ្ងៃ​ទី​៧​និង​ទី​៨​ខាង​មុខ​នេះ​បេក្ខនារី​កញ្ញា​​​ឯក​តំណាង​កម្ពុជា​នឹង​ត្រូវ​ប្រកួត​វគ្គ​ប្រកួត​បឋម​និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ Miss Preteen International នា​ប្រទេស​ថៃ​ ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ប្អូន​ស្រី​ ឌៀប សុហ្វៀរ៉ា នឹង​ត្រៀម​គ្រង​ឈុត​តំណាង​ជាតិ​ដែល​មាន​ឈ្មោះ​ថា​ឈុត​ «សោភ័ណ​រចនា​ធីតា​ខ្មែរ​»។ គ្រាន់តែ​ឮ​ឈ្មោះ​តំណាង​ជាតិ​ភ្លាម​មាន​អារម្មណ៍​ថា​ពីរោះ​ចំណែក​ការ​រចនា​ឈុត​នេះ​ក៏​បាន​ស្រស់​ស្អាត​ខ្លាំង​ណាស់​ដែរ​ ប៉ុន្តែ​បង​ប្អូន​មាន​ដឹង​ទេ​ថា​ឈុត​នេះ​ច្នៃ​ឡើង​ក្នុង​គោល​បំណង​បែប​ណា ​ហើយ​ចង់​បង្ហាញ​អ្វី​ពី​ប្រទេស​កម្ពុជា​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​និង​យល់​ដឹង?

យោង​តាម​ការ​ចែក​រំលែក​ពី​ផេក​ផ្ទាល់​ខ្លួន​របស់​កញ្ញា​ឯក​ Miss Preteen Cambodia ឌៀប សុហ្វៀរ៉ា បាន​រៀប​រាប់ឱ្យ​ដឹង​ថា​ឈុត​ «សោភ័ណ​រចនា​ធីតា​ខ្មែរ​» រចនា​ឡើង​ដោយ​ផ្អែក​តាម​រចនាបថ​សិល្បៈ​របស់​ខ្មែរ​បង្ហាញ​ពី​ក្បូរក្បាច់​ចម្លាក់​ដ៏​ប្រណិត​ដែល​មាន​តាម​ជញ្ជាំង​ប្រាសាទ​ និង​ចម្លាក់​នានា​​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​គំនិត​ច្នៃប្រឌិត​របស់​បុព្វ​បុរស​ខ្មែរ​ផ្នែក​សិល្បៈ​ហត្ថកម្ម​។ ចំណែក​ក្បាច់​នីមួយ​ៗ​ដែល​រំលេច​ចេញ​លើ​ឈុត​មួយ​នេះ​គឺ​សុទ្ធសឹងតែ​តែ​ដក​ស្រង់ពី​ក្បាច់​ដែល​ឆ្លាក់​លើ​ប្រាសាទ​បុរាណ​ខ្មែរ​ដូច​ជា​ ក្បាច់​ភ្ញី​វល្លិ៍​ ក្បាច់​ភ្ញីភ្លើង​លាយ​បញ្ចូល​គ្រប់​ទម្រង់​និង​គ្រប់​សម័យ​កាល​។

តាម​ការ​បញ្ជាក់​របស់​កញ្ញា​ឯក​រូប​នេះ​ទម្រង់​នៃ​ឈុត​ទាំង​មូល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​សម្បូរ​បែប​នៃ​សិល្បៈ​ខ្មែរ​តាំង​ពី​បរម​បុរាណ​ បូក​ផ្សំ​ជាមួយ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​នា​សម័យ​បច្ចុប្បន្ន​ រឹត​តែ​ធ្វើ​ឱ្យ​ឈុត​នេះ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​។ មិន​តែ​ប៉ុណ្ណោះ​សិល្បៈ​នៃ​ក្បាច់​ទាំង​នេះ​ក៏​បាន​កំណត់​យ៉ាង​ច្បាស់​ពី​អត្តសញ្ញាណ​នៃ​ជាតិ​ខ្មែរ​ គឺជា​សិល្បៈ​របស់​ខ្មែរ​ដែល​កើត​ចេញ​ពី​ភាព​ប៉ិន​ប្រសប់​របស់​ដូន​តា​ខ្មែរ​​ឥត​មាន​ជាតិ​សាសន៍​ណា​អាច​ចម្លង​បាន​ឡើយ។

សូម​បញ្ជាក់​ថា​ ប្អូន​ស្រី​ ឌៀប សុហ្វៀរ៉ា អាយុ ១២ឆ្នាំ ជា Little Miss Cambodia​ 2022 តំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតលើឆាកអន្តជាតិនៅប្រទេសថៃ ក្នុងកម្មវិធី Junior Idol World​ ដែល​កម្មវិធីប្រកួតបឋម​ធ្វើ​ឡើង​ ថ្ងៃ 07 មករា 2023 ចំណែក​ Final ថ្ងៃ 08 មករា 2023 សម្រាប់​បង​ប្អូន​ចង់​ទស្សនា​អាច​តាម​ដាន​តាម​រយៈ​ការ​ Live លើ Facebook @Junior Idol Word៕

ប្រភព៖ FB

Share.