ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈដែលម្នាក់ទៀតគេចខ្លួនបានត់ បន្ទាប់ពីឆក់ទូរស័ព្ទដៃនៅតាម ផ្លូវ ។ហតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ខែមករាឆ្នាំ២០២៣ នៅចំណុច ផ្លូវកៅស៊ូលេខ២៦១ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ កួន ស្រីនិត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅសព្វថ្ងៃ ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ចំណែកឯជនសង្ស័យមានគ្នា២នាក់រួមមាន៖១.ឈ្មោះ នាង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ២.ឈ្មោះ ឈឿន ឆុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដគេចខ្លួនបាត់។ជនសង្ស័យទាំងពីរនាក់ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាឆក់យ៉ាងសកម្ម។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖១.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្តាល 1AF-9637 (របស់ជនសង្ស័យ)។២.ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាក IPhone 11 (របស់ជនរងគ្រោះ)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា នៅថ្ងៃទី០៤.០១.២០២៣ វេលាម៉ោង ១១:០០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូចេញពីផ្ទះនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល គោលបំណងមកធ្វើសកម្មភាពឆក់ នៅឃុំសំបួរមាស ស្រុកមុខកំពូល។ ពេលមកដល់ចំណុចកើតហេតុខាងលើនៅវេលាម៉ោង ១៤:៣០នាទី ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក កូនទា តែម្នាក់ឯងហើយឈប់នៅចិញ្ចើមផ្លូវកៅស៊ូលេខ២៦១ ដោយមានកាន់ទូរស័ព្ទនៅដៃ ភ្លាមនោះជនសង្ស័យឈ្មោះ ឈឿន ឆុង បានបើកម៉ូតូទៅក្បែរជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ នាង រាជ បានលូកដៃឆក់យកទូរស័ព្ទ របស់ជនរងគ្រោះ រួចក៏ជិះម៉ូតូគេច ភ្លាមនោះជនរងគ្រោះបានស្រែកថា៖ ចោរៗ។ ស្របពេលនោះមានរថយន្តអ្នកដំណើរដែលជិះបញ្រ្ចាសទិសឃើញដូច្នេះ ក៏បានបើករថយន្តទៅកៀរម៉ូតូជនសង្ស័យ ហើយជនសង្ស័យក៏បានផ្តួលម៉ូតូចោល រត់ឆ្លងទឹកព្រែកចូលទៅសំងំក្នុងព្រៃល្បាស់ក្រោយភូមិ បន្ទាប់មកត្រូវបានសមត្ថកិច្ចសហការជាមួយប្រជាការពារ រុករកឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នាង រាជ ចំណែកជនសង្ស័យឈ្មោះ ឈឿន ឆុង បានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ នាង រាជ  បានឆ្លើយសារភាពថា៖ ខ្លួននិងបក្ខពួកឈ្មោះ ឆឿន ឆុង ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលនិងរៀបចំកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.