សិល្បៈ​ជាតិ​៖​ អ្នក​គាំទ្រ​វិស័យ​ប្រកួត​សម្រស់​នៅ​កម្ពុជា​កំពុង​តែ​មាន​មោទកភាព​ខ្លាំង​ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បវរកញ្ញា​​ឬកញ្ញា​​ឯក​កម្ពុជា​ដែល​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​រមែង​មាន​ការ​ចាប់​អារម្មណ៍ ទទួល​បាន​ប្រជាប្រិយ​ភាពនិង​​ពេញនិយម​ច្រើន​ពី​​អ្នក​គាំទ្រ​​បរទេស​ តួ​យ៉ាង​ដូច​ជា​ Miss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែល​ទទួល​តំណែង​ 5th Runner Up និង​ Mis Universe Cambodia ហង្ស ម៉ានីតា ដែល​កំពុង​តែ​មាន​ភារកិច្ច​​ប្រកួត​ប្រជែង​ដណ្ដើម​មកុដនៅ​សហរដ្ឋ​អាមេរិក។​

ទោះ​បី​ជា​ការ​ប្រកួត​បាន​បញ្ចប់​ប៉ុន្តែ​ឥទ្ធិពល​និង​ប្រជា​ប្រិយ​របស់​ ពេជ្រ​ វត្តី​សារ៉ាវឌ្ឍី​ នៅតែ​ខ្លាំង​ ព្រោះ​ក្រៅ​ពី​នៅ​សម្ងំ​កើប​លុយ​នៅ​ប្រទេស​ថៃមួយ​រយៈ ដោយ​សារ​តែ​មាន​អ្នក​គាំទ្រ​ជនជាតិ​ថៃ​ស្រលាញ់​ចូលចិត្ត​ច្រើន​​ហើយ​នោះ​ ពេល​ដែល​កញ្ញា​ ​មាន​ឱកាស​ត្រលប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ទី​២​កន្លង​ទៅ​ មាន​អ្នក​គាំទ្រ​កញ្ញា​ណែនណាន់​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​រង​ចាំ​ទទួល​ស្វាគមន៍​កញ្ញា​រហូត​បណ្ដាល​ឱ្យ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោចិនតុង​កកស្ទះ​ជា​ច្រើន​ម៉ោង ក្នុង​នោះ​មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ខ្មែរ​នោះ​ឡើយ​ដែល​មក​ចាំ​ស្វាគមន៍​ តែ​ឮ​ថា​មាន​អ្នក​គាំទ្រពី​​ថៃ​បាន​តាម​មក​ជូន​ដំណើរ​វត្តី​ដល់​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង​។

ងាក​មក​ស្រីស្រស់​សម្រស់​កូនកាត់​ កញ្ញា ហង្ស ម៉ានីតា​ ឯណោះ​វិញ​ក៏​មិន​ធម្មតា​ដែរ​ ព្រោះ​យុវតី​ខ្មែរ​មួយ​ដួង​នេះ​ក៏​ទទួល​មាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន​ពីអ្នក​គាំទ្រ​បរទេស​ផង​ដែរ​។ កញ្ញា​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​និង​សរសើរ​ច្រើន​ពី​អ្នក​គាំទ្រ​ហ្វីលីពីន ជា​ពិសេស​នៅពេល​ដែល​កញ្ញា​ទៅ​សម្ងំ​ហ្វឹកហាត់​ដើម្បីពង្រឹង​សមត្ថភាព​នៅ​ប្រទេស​នោះ​គឺ​ឃើញ​មាន​អ្នក​គាំទ្រ​ហ្វីលីពីន​តាម​ហែរហម​គ្រប់​ទីតាំង​ដែល​កញ្ញាបាន​ទៅ​ ព្រម​ទាំង​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ថែម​ទៀតផង​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​​លើស​ពីនោះ​ទៀត ​កញ្ញា​តែង​តែ​ត្រូវ​បាន​ម្ចាស់​ថ្មី​កម្មវិធី​ Miss Universe ថ្មី​ជា​ជនជាតិ​ថៃ​ Ann Jakrapong យក​​រូបភាពកញ្ញា​មកចែក​រំលែក​​បន្ត​នៅ​លើ​គណនី​របស់​ខ្លួន​ជា​និច្ច​។ ថ្មីៗ​នេះ​ខណៈ​ដែល​បវរកញ្ញា​រូប​នេះ​ទៅ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នោះ​ កញ្ញា​ ត្រូវ​បាន​ផេក​ Miss Universe Predictions ផុស​ផ្សព្វផ្សាយ​ថា​កញ្ញា​ស្ថិត​ក្នុង​ចំណោម​បវរកញ្ញាប្រកួត​​លេច​ធ្លោរ​ទាំង​១០​រូបដែល​ចាត់​ចំណាត់​ថ្នាក់​ដោយ​ Pageanthology​។

បរវកញ្ញា​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​លេចធ្លោ​ទាំង​១០​រូប​រួម​មានៈ​

១.ឥណ្ឌា

២.ថៃ

៣.វៀតណាម

៤.អាហ្វ្រិក​ខាង​ត្បូង

៥.កម្ពុជា​

៦.វេណេហ្សុយអេឡា

៧.ការ៉ាហ្គួរ

៨.ដូមីនិច

៩.កូឡុំ​បៀរ

១០.ព័រតូរីកូ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​អ្នក​រៀបចំ​ការ​ផលិត​និងបវរកញ្ញា​ខ្លួន​ឯង​បាន​ធ្វើ​ឱ្យ​ឥទ្ធិពល​ និង​ កិត្តិនាម​របស់​បវរកញ្ញា​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់​តែ​មាន​ការ​ទទួល​ស្គាល់​ច្រើន​ ហើយ​បវរកញ្ញា​កម្ពុជា​ក៏​កាន់​តែ​ត្រូវ​បាន​គេ​ផ្ដោត​ការ​ចាប់​អារម្មណ៍​មិន​ចាញ់​បវរកញ្ញា​មក​ពី​ប្រទេស​​​នានា​នោះ​ឡើយ​។ សង្ឃឹម​ថា​សន្ទុះ​គាំទ្រ​បវរកញ្ញា​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់ ដើម្បី​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​មួយ​ជួយ​រុញ​ច្រាន​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​ជឿន​លឿន​ មិន​ចាញ់​ប្រទេស​ជិត​ខាង។ ឆ្នាំ​មុន​បវរកញ្ញា​កម្ពុជា​មួយ​រូប​បាន​ដណ្ដើមកុដ​បាន​សម្រេច​ពី​ប្រទេស​ម៉ាឡេស៊ី សង្ឃឹម​ថា​ថ្ងៃ​ណាមួយ​បវរកញ្ញា​កម្ពុជា​នឹង​អាច​ដណ្ដើម​កមុដ​ពី​វេទិកា​ប្រកួត​ធំៗ​បាន​៕

Share.