សិល្បៈ​ជាតិ​៖ ក្រោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​តាម​ដាន​មួយ​រយៈ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​សង្ហា​ជនជាតិ​បារាំង​ Derek Bidaut ទីបំផុត​កញ្ញា​ ឆន ស្រីនេត​ ព្រម​​លាត​ត្រដាង​ជា​សាធារណៈ​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹងអ្នក​គ្រប់គ្រង​ក្លឹប​ Prodal fight & fitness studio​ ហើយ​នៅ​លើ​បណ្ដាញ​សង្គម​។

ពាក្យ​ចាស់​ពោល​ថា​បុរស​សង្ហា​គូ​និង​ស្រី​ស្អាត​ ពាក្យ​នេះ​ពិត​ជា​មិន​ខុស​មែន​ ព្រោះគូស្នេហ៍​ដែល​ទើប​តែ​​ប្រកាស​ពី​ទំនាក់ទំនង​របស់​ខ្លួន​នៅ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ម្សិលមិញ​នេះ បាន​ធ្វើ​ឱ្យ​បុរស​ៗ​ខក​ចិត្ត​មិន​តិច​នោះ​ទេ​ ដោយ​​ស្រី​ស្អាត ឆន ស្រីនេត​ បាន​ប្រកាស​ជា​ចំហរពីទំនាក់ទំនង​រវាង​ខ្លួន​និង​គូស្នេហ៍​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​និង​ចូល​រួម​ធ្វើ​អបអរសាទរ​ចំពោះ​កញ្ញា។

កន្លង​មក​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សង្កេត​ឃើញ​ពី​ភាព​ស្និតស្នាល​ទៅណាមក​ណាជាមួយ​គ្នា​រវាង​កញ្ញា និង​បុរស​អ្នក​លេង​គុន​ល្បុក្កតោ​រូប​នេះ​ជា​រឿយៗ​ ប៉ុន្តែ​ការ​សង្ស័យ​ត្រឹម​មាន​ក្នុង​ចិត្ត​ប៉ុណ្ណោះ មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​សន្មត់​ពី​សម្ព័ន្ធភាព​អ្នក​ទាំងពីរ​នោះ​ឡើយ ព្រោះ​គេ​យល់​ថា​អ្នក​ទាំង​ពីរ​ស្និតស្នាល​គ្នា​ជា​រឿង​ធម្មតា​ ដោយ​សារ​ស្រីនេត​​ធ្លាប់​ហ្វឹកហាត់​គុន​ល្បុក្កតោដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នា​ពេល​កន្លងមក​។

បន្ទាប់​ពី​សាមី​ខ្លួន​បាន​ប្រកាស​ជា​សាធារណៈ​ពីទំនាក់ទំនង​ខ្លួន​បែប​នេះ​ មហាជន​ដែល​ធ្លាប់​តែ​មាន​ការ​សង្ស័យ​ប្រហែល​ជា​អស់​ចម្ងល់​ទៀត​ហើយ បើ​សិន​គេ​គូស្នេហ៍​មួយ​គូ​នេះ​បណ្ដើរ​គ្នា​ទៅចូល​រួម​ក្នុង​កម្មវិធី​ណាមួយ​ទៀត​នោះ​។ បុរស​ៗ​មួយ​ចំនួន​បាន​ខក​ចិត្ត​ ដោយ​សារ​តែ​បេះដូង​របស់​កញ្ញាឯក​កម្ពុជា​មួយ​ភាគ​ធំ​មាន​ម្ចាស់​គ្រងបេះដូង​អស់​ទៅហើយ មិន​ថា​​កញ្ញា​ ឆន ស្រីនេត​ កញ្ញា​ រ៉េត សារីតា និង​​កញ្ញា​ ងិន​ ម៉ារ៉ាឌី ជាដើម៕

Share.