នៅ​មុន​នេះ​បន្តិច​គណនី​ហ្វេសប៊ុក​របស់​ឯកឧត្តម​ ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ព្រម​ទាំង​​​លើក​ឡើង​​ថា​ រក​ឃើញ​តារា​ឯក​ថ្មី​ៗ​ប្រចាំ​ឆ្នាំ​២០២៣​ ដោយ​នៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​តារា​​ឯក​ថ្មីៗ​ដែល​ឯកឧត្តម​រដ្ឋ​ម​ន្ត្រី​ក្រសួង​ព័ត៌មាន​សំដៅ​ដល់​នោះ​សុទ្ធសឹង​តែ​​ជាមន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​​។

នាល្ងាចថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ ​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន​ និង​លោក​ជំទាវ​ ខេង សំរ៉ាដា បាន​អញ្ជើញ​រៀបចំ​ពិធី​ជប់​លៀង​អាហារ​ពេល​ល្ងាច​ ​នៅ​សណ្ឋាគារភ្នំពេញភូគីត្រា​​ ជូន​ដល់​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​បម្រើ​ការងារ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី៤១​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ ដែល​បាន​បិទបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​គួរ​ជា​ទី​មោទក​ នា​ពេល​កន្លង​ទៅ​ ដោយ​ក្នុង​នោះ​ឯកឧត្តម​​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ​ និង​លោក​ជំទាវ ​ក៏​បាន​ទៅ​ចូលរួម​​ជា​កិត្តិយស​ក្នុង​ឱកាស​ជួបជុំ​​ដ៏​សែន​រីករាយ​នោះ​ផង​ដែរ​។

ក្រៅ​ពី​មាន​ការ​ប្រគំ​តន្ត្រី​ដោយ​បងប្អូន​សិល្បករដើម្បី​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់​តែ​សប្បាយ​រីករាយ​ ​ហើយ​នោះ​ ឯកឧត្តមឧបនាយក​រដ្ឋ​មន្ត្រី​ ប្រាក់​ សុខុន បាន​ឡើង​បក​ស្រាយ​បទ​ចម្រៀង​បណ្ដើរ​​ ដេញ​​​ហ្គី​តាបណ្ដើរ​ ខណៈ​ដែល​ឯកឧត្តម​បណ្ឌិត​​ សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏​​ជា​តារា​ចម្រៀង​ម្នាក់​​នៅ​លើ​វេទិកា​នោះ​ផង​ដែរ​។​

រូប​ភាព​ដ៏​កម្រ​របស់​មន្ត្រី​ជាន់​​ខ្ពស់ឡើង​លើ​វេទិកា​ច្រៀង​​ និង​ ​ដេញ​ហ្គី​តា ​​កំដរ​បរិយាកាស​ជប់​លាង​ដើម្បី​បង្កើន​ចំណង​សាមគ្គីភាព​និង​មិត្តភាព​នេះ​ ត្រូវ​បាន​បង​ប្អូន​អ្នក​លេង​បណ្ដាញ​ចូលមក​​កោត​សរសើរ​ថា​គ្រាន់​តែ​ឃើញ​ក៏​ដឹង​ថា​សប្បាយ​រីករាយ​ដែរ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​គាំទ្រ​សម្ដី​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​ តារា​ទើប​រះថ្មី​៕

រូបថត៖ ផែន រតនៈ និង ខឹម សុវណ្ណារ៉ា

Share.