សិល្បៈជាតិ ៖ ទើបតែចូលឆ្នាំ ២០២៣ បាន៩ថ្ងៃទេ បវរកញ្ញាកម្ពុជា ២ រូបបានបើកមុខនាំភាពជោគជ័យមកជូនប្រទេសជាតិតាមរយៈការដណ្ដើមមកុដពីការប្រកួតនៅលើវេទិការអន្តរជាតិដែលរៀបចំធ្វើឡើងនៅប្រទេសថៃ។

នៅក្នុងនោះរួមមាន កញ្ញា ឃឿន ប៉ូលីកា ដណ្ដើមបានមកុដពីកម្មវិធី Miss Pre Teen International 2023 និងកញ្ញា ឌៀប សូហ្វៀរ៉ា ដែលអាចដណ្ដើមបានមកុដលំដាប់រងទី២ Little Miss Idol Junior World 2023។ បវរកញ្ញាទាំងពីររូបនេះ បានធ្វើឱ្យមជ្ឍដ្ឋានមហាជន និងអ្នកស្នេហាវិស័យកញ្ញាឯកកម្ពុជាមានសេចក្ដីរំភើបចិត្ត និងមោទកភាពជាខ្លាំង។

សម្រាប់ប្អូនស្រី ឃឿន ប៉ូលីកា ទើបតែមានវ័យ ១៤ ឆ្នាំ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ ក្នុងការ​ដណ្ដើម​យក​ជ័យជម្នះ​ពីកម្មវិធី Miss Pre Teen International 2023 ទាំងការដើរបង្ហាញម៉ូដ និងការឆ្លើយ​សំណួរ​ពី​គណៈកម្មការ។ ប្អូនស្រីគឺជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ដែលអាចបំបែកប្រវត្តិសាស្ត្រថ្មីនេះមកជូនមាតុភូមិប្រទេសយ៉ាងមានមោទនភាព។ ម្ចាស់​​មកុដ​រូបនេះបានបង្ហាញអារម្មណ៍ប្រាប់អ្នកគាំទ្រថា៖ «អរគុណអ្នកទាំងអស់គ្នាបានគាំទ្រខ្ញុំ ហើយជំរុញទឹកចិត្តខ្ញុំ។ នាងខ្ញុំត្រៀមខ្លួនធ្វើជា international queen ដែលល្អ ដែលជម្រុញទឹកចិត្តទាំងអស់គ្នា​ឲ្យ​មានភាព​ជឿជាក់ និង​ជឿជាក់លើខ្លួនឯង»។

ងាកមកកុមារី ឌៀប សូហ្វៀរ៉ា មានវ័យ ១២ឆ្នាំបានទទួលតំណែងលំដាប់រងទី១ ពីកម្មវិធី Miss Pre Teen Cambodia 2022 និងបានចូលរួមដណ្ដើមមកុដពីកម្មវិធី Little Miss Idol Junior World 2023 នឹងបានតំណែងរងលំដាប់ទី២។ មិនខុសពី ប៉ូលីកា បវរកញ្ញាតូចតន់មួយរូបនេះ ក៏ធ្វើបានយ៉ាងល្អចំពោះគ្រប់វិញ្ញាសារដែលកម្មវិធីបានតម្រូវផងដែរ។

សូមជម្រាបថា បវរកញ្ញាយុវតី ឌៀប សូហ្វៀរ៉ា បានត្រឡប់មកដល់ប្រទេសកម្ពុជាព្រឹកមិញនេះហើយ ដោយឡែកសម្រាប់ប្អូនស្រី ឃឿន ប៉ូលីកា ត្រៀមនឹងត្រឡប់មកកាន់ទឹកដីកំណើតវិញនា​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣នេះ ដែលនឹងមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញនាវេលាម៉ោង ១១ និង ៣០ នាទីព្រឹក។ ដូច្នោះហើយ សូមអ្នកគាំទ្រទាំងអស់កុំភ្លេចរង់ចាំទទួលស្វាគមន៍បវរកញ្ញាយើងឱ្យបានច្រើនកុះករនាថ្ងៃវិសេសនេះ និងបញ្ជាក់ឱ្យឃើញថា បវរកញ្ញាកម្ពុជាគឺមានឥទ្ធិពលខ្លាំងក្នុងវិស័យប្រកួតប្រជែងសម្រស់គ្រប់កម្មវិធីតែម្ដង។

Share.