សិល្បៈ​ជាតិ​៖ ​តារា​សម្ដែង​​ ប៉ាន់​ខែម​ ម៉ានូ​ កំពុង​តែ​ត្រូវ​បាន​ក្រសែ​ភ្នែក​មហាជន​ផ្ដោត​ការចាប់​អារម្មណ៍ជា​ពិសេស​ព្រោះ​តែ​តារា​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួអង្គ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទាំង​នៅ​ក្នុង​ភាពយន្ត​ចម្រៀង​«ទុក្ខ​ស្រី​ប្ដី​ព្រាត់​» និង​ខ្សែ​ភាពយន្ត​ភាគ «កូន​ប្រុស​ក្រោមពន្លឺព្រះច័ន្ធពេញបូណ៌មី»​។ នៅ​ក្នុង​​សាច់​រឿង ម៉ានូ​ បាន​សម្ដែង​ជា​តួ​ឯក​វ៉ា​ដាច់​តារា​​សម្ដែង​រៀម​ច្បង​ដែល​ធ្លាប់​សម្ដែង​ជា​តួអង្គឯក​​កន្លង​មក​ទាំងអស់​។

បើ​ពិនិត្យ​ឱ្យ​​ស៊ីជម្រៅ​នៅ​ក្នុង​​ភាពយន្ត​ចម្រៀង «ទុក្ខ​ស្រី​ប្ដីព្រាត់​» ក្រៅ​ពី​ ម៉ានូ​ ដែល​ជា​តារា​សម្ដែងឯក​ដើរ​តួ​អង្គ​ជា​សម្ដេច​តេជោ ហ៊ុន​ សែន​ ​ហើយ​នោះ​ គេ​ឃើញ​មាន​តារា​សម្ដែង​ផ្នែក​បុរស​ឈាន​មុខ​ជា​ច្រើន​ដួងទៀត​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដូច​ជា​ «អ៊ុន​ សិទ្ធា, ប៉ែន​ ចំរ៉ុង, ជា សុវណ្ណនរាណ៍ ជា លាងឆែ និង​លោក​ ណា ខុន​» ដោយ​គ្រាន់​តែ​ឃើញ​ឈ្មោះ​​ភ្លាម​ អ្នក​គាំទ្រ​​ទទួល​ស្គាល់​ជា​ស្រេច​ហើយ​ថា​តារា​ទាំង​ ៤​ដួង​នេះ​ សម្ដែង​តែ​តួ​ឯក​ប៉ុណ្ណោះ​ កម្រ​ណាស់​នឹង​សម្ដែង​ជា​តួ​រង​។

ប៉ាន់ខែម​ ម៉ានូ ​ថ្វី​ត្បិត​តែ​ជា​តារា​ថ្មី​ប៉ុន្តែ​ដោយ​មាន​បុគ្គលិក​លក្ខណៈ​សម្បត្តិ​ជា​ពិសេស​រូបរាង​ស្រដៀង​ទៅ​នឹង​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ ទើប​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ឱកាស​បាន​សម្ដែង​ជា​តួអង្គ​ឯក​ឬ​តួ​អង្គ​មេបញ្ជការ​ សំរេច នៅ​ក្នុង​ភាពយន្ត​ចម្រៀង​ និង​ខ្សែ​ភាពយន្ត​ភាគ​ស្ដី​ពី​ប្រវត្តិសាច់​រឿង​របស់​ថ្នាក់​ដឹកនាំ​កំពូល។

ប៉ាន់ ខែម​ម៉ានូ គឺជាអ្នកសិល្បករ​បុរាណមួយរូប​មានកំណើត​នៅខេត្ត​តាកែវ ហើយលោកគឺជា​ប្អូន​បង្កើត​របស់លោ​កប៉ាន់ ខែមប៊ុនថន ដែលជា​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុន សែន​​។ កន្លង​មក​លោក​​​ធ្លាប់​បាន​​សម្ដែង​ក្នុង​បទ​ចម្រៀង​ប្រវត្តិ​សម្ដេចតេជោ​ហ៊ុន​សែន​ម្ដង​រួចហើយ​កាលពី​ឆ្នាំ២០១៧ គឺ​រឿង​កំសត់​កូនពុក ដែល​និពន្ធដោយ​បងប្រុស​របស់លោក​ផ្ទាល់គឺលោក​ប៉ាន់ ខែម​ប៊ុន​ថន និង​ថត​ហើយនិងកាត់តដោយបងប្រុស​ម្នាក់ទៀត​ឈ្មោះ ប៉ាន់ ខែមវឌ្ឍនា​។ ​តាមរយៈការ​សម្ដែង​នេះ​ហើយ ​បានធ្វើឱ្យសម្ដេច​តេជោហ៊ុន​ចាប់អារម្មណ៍​និងផ្ដល់ឱកាស​ឱ្យ​លោក​បាន​ថត​រឿង​កូន​ប្រុស​ក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មីបន្តទៀត។

មុន​ក្លាយ​ជា​តួអង្គ​សម្ដេច​តេជោ ប៉ាន់​ខែម​ ម៉ានូ ធ្លាប់​សម្ដែង​ល្ខោន​យីកេ​ ល្ខោន​បាសាក់​ ប៉ុន្តែ​នៅ​ពេល​ងាក​មក​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​វិញ​គឺ​លោក​ទទួល​ស្គាល់​ថា​ខុស​គ្នា​ស្រឡះ ពោល​គឺ​មានភាពពិបាក​និងត្រូវការ​មានកា​រ
ប​ណ្ដុះ​បណ្ដាល​បន្ថែមពី​អ្នកដឹកនាំរឿងនិង​រៀម​ច្បង​ៗ​ ដើម្បីឱ្យ​រឿង​នេះទទួលបានជោគជ័យ ៕

ទស្សនា​ព័ត៌មាន​ជា​វីដេអូ​ខាង​ក្រោម​៖

Share.