នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ អ្នកចាំទីដៃទី១ Hugo Lloris បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ក្នុងវ័យ៣៦ឆ្នាំ ក្រោយចប់ព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា ដោយចាញ់អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ បាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នា ៣-៣ ទាំងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។

ក្រោយប្រកាសចូលនិវត្តន៍ Hugo Lloris បានថ្លែងដូច្នេះថា៖«ពេលនេះខ្ញុំ​បាន​សម្រេច​​ឈប់​ពី​​ជម្រើសជាតិ​​ហើយ ជាមួយ​អារម្មណ៍​​ដែលខ្ញុំ​បាន​​ផ្ដល់​គ្រប់​យ៉ាង​រួចរាល់។ ខ្ញុំ​គិត​ថា​វា​គឺ​​ជា​​ការ​សម្រេច​ចិត្ត​ដ៏​​សំខាន់​​នៅ​ពេល​នេះ ២​ខែ​កន្លះ​មុន​ពេល​ការ​ជម្រុះ Euro ឈានមក​ដល់»។

នៅក្នុងក្រុមជម្រើសជាតិបារាំង អ្នកចាំទី Hugo Lloris បង្ហាញខ្លួន​បាន ​១៤៥​ប្រកួត ធ្វើឲ្យ​គេ​ក្លាយ​ជា​កីឡាករ​បង្ហាញ​ខ្លួន​ប្រកួត​បាន​ច្រើន​ជាង​គេ និង​ពាក់​ស្លាក​ដៃ​ប្រធាន​ក្រុមច្រើនជាងគេសរុប ១៤៥ដង ចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២២។

ស្នាដៃសំខាន់របស់អ្នកចាំទី Hugo Lloris៖
-ជួយឲ្យបារាំង ឈ្នះពាន UEFA European Under-19 Championship នៅឆ្នាំ ២០០៥
-ជួយឲ្យបារាំង ឈ្នះពាន World Cup ឆ្នាំ ២០១៨ និងជើងឯករង ឆ្នាំ ២០២២
-ជួយឲ្យបារាំង ឈ្នះពាន UEFA Nations League ឆ្នាំ ២០២០
-ជួយឲ្យបារាំង ទទួលជើងឯករង Euro ឆ្នាំ ២០១៦។

ប៉ុន្តែយ៉ាងណាមិញ Hugo Lloris នៅបន្តលេងឲ្យក្លិបបាល់ទាត់ Tottenham Hotspur FC ដដែលក្រោមការដឹកនាំរបស់លោក Antonio Conte នៅក្នុងពានរង្វាន់ Premier League, FA Cup និង UEFA Champion League រដូវកាល ២០២២-២៣៕

Share.