សិល្បៈជាតិ៖ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ អាណា រ៉ូស ធ្លាប់មានប្រវត្តិជាតារាសម្តែងដែលមានទស្សនិកជនស្គាល់ច្រើន បន្ទាប់​ពីកញ្ញាបាន​សម្តែង និងចម្រៀងកាយវិការ ក្នុងឈុតឆាកថើបបឺតមាត់ស្តែងៗ ជាមួយតួសម្តែងប្រុសម្នាក់ រហូតផ្ទុះការរិះគន់​ពីមហាជនអ្នកលេងបណ្ដាញសង្គម។

ក្រៅពីប្រឡូកសិល្បៈសម្ដែងមួយរយៈ  អាណា រ៉ូស ក៏បានវិវឌ្ឍន៍ខ្លួនជាអ្នកចម្រៀងស្រី និងបានបញ្ចេញបទចម្រៀងរបស់ខ្លួននៅលើបណ្ដាញសង្គមយូធូបដូចជាបទ « ចេកខ្ទិះ» «សាឡាត់» និងបទ Cover « My Heart will Go on »។ បំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀងស្រីម្នាក់ដែលមានឈ្មោះល្បី គឺជាក្ដីស្រម៉ៃរបស់តារាសម្ដែងស្រីរូបនេះតាំងមានវ័យកុមារមកម្ល៉េះ ក៏ប៉ុន្តែនាងនៅមិនទាន់ឃើញពីពន្លឺមួយនេះនៅក្នុងជីវិតនៅឡើយ។

ថ្មីៗនេះស្រាប់តែគេបានឃើញ អាណា រ៉ូស ចេញមកប្រកាសថា ដោយសារតែស្រឡាញ់ និងមានសមត្ថភាពច្រៀង នាងសុខចិត្តច្រៀងមិនយកប្រាក់ខែ ឱ្យតែ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមផ្តល់ឱកាសឱ្យនាងចូលក្នុងផលិតកម្ម Galaxy Navatra ។

កញ្ញា រ៉ូស បានប្រកាសតាមលើបណ្តាញសង្គមហ្វេសប៊ុក ថា «ខ្ញុំចង់ចូលផលិតកម្ម Galaxy Navatra ច្រៀងសង្ឃឹមថាខាងផលិតកម្ម បានឃើញ អាចផ្តល់ឱកាសឲ្យខ្ញុំបានចូលច្រៀងផង ព្រោះខ្ញុំស្រលាញ់ខាងចម្រៀងខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ខាងផលិតកម្ម galaxy Navatra នឹងផ្តល់ឱកាសឱ្យខ្ញុំបានចូលច្រៀង។ ខ្ញុំសង្ឃឹមថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងផ្តល់ឱកាសឲ្យខ្ញុំបានចូលច្រៀងផងចុះ។ ខ្ញុំចូលច្រៀង ដោយមិនយកប្រាក់ខែទេសំខាន់​ការងារដែលខ្ញុំស្រលាញ់ ខ្ញុំចង់ច្រៀង»។

ក្រោយការប្រកាសនេះគេមើលអ្នកលេងបណ្ដាញសង្គមវិញ មានខ្លះជូនពរកញ្ញា អាណា រ៉ូស  ប៉ុន្តែអ្នកខ្លះទៀតហាក់មិនបង្ហាញជំហរគាំទ្រចំពោះសម្ដីនាងទេ ថែមបោះសម្ដីលែបខាយវិញថា ៖  «បើចែ Rose ចង់ច្រៀងចង់មានអ្នកគ្រាំទ្រច្រើនចែទៅប្រឡងចំម្រៀងសិនទៅចែ» «បងយល់ថាបើអូនចូលសម្តែងសមជាង​» «ចែចូល​ តន់​ ចាន់សីម៉ា​ អែបគៀនហើយ​ កុំអោយអាយដលខ្ញុំដេកភ័យ» «បើចែបានចូលមែន,ដឹងតែល្បីផ្ទុះអា.យះ*ផលិតកម្មហើយ» «អាសីម៉ាត្រៀមឡើងឡានទៅធ្វើការរោងចក្រអោយហើយទៅ» «ចូលទៅផលិតកម្ម Sumsung Galaxy វិញទៅអូន Rose»។ ទោះរងការរិះគន់ខ្លះ តែយ៉ាងណាក៏ដោយ អាណា រ៉ូស ហាក់មិនតបតជាមួយអ្នកលេងបណ្ដាញសង្គមវិញផាំងៗនេះទេ។

ដោយឡែក រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ គេនៅមិនទាន់ឃើញមេផលិត​កម្ម Galaxy Navatra ឆ្លើយតបចំពោះកញ្ញា អាណា រ៉ូស នៅឡើយ បើទោះបីជានាងប្រកាសក្ដែងៗថាមិនយកប្រាក់ខែពីការច្រៀងឱ្យតែបានចូលផលិតកម្មស៊ុប៕

Share.