កាលពីវេលាទាបភ្លឺថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមករា ឆ្នាំ ២០២៣ ក្នុងការប្រកួតពានរង្វាន់ Spanish Super Cup ​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានការប្រកួត ១ គូ​ ដោយក្នុងនោះ Real Madrid បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ Valencia បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។

១គ្រាប់របស់ Real Madrid ស៊ុតដោយ Karim Benzema នៅនាទី៣៩’ ខណ:គ្រាប់តាមស្មើរបស់ Valencia ស៊ុតដោយ Lino នៅនាទី៤៦’ បញ្ចប់លទ្ធផល ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន King Fahd International នៅប្រទេសអារ៉ាប៊ីសាអូឌីត។

សម្រាប់វគ្គបាល់កាត់សេចក្តី១១ម៉ែត្រ Real Madrid ស៊ុតចូល៤គ្រាប់ដោយ (Benzema, Modric, Kroos, Asensio) ខណ: Valencia ស៊ុតចូលតែ៣គ្រាប់ប៉ុណ្ណោះដោយ (Cavani, Moriba, Guillamon) រីឯ Comert និង Luis Gaya ស៊ុតមិនចូល។

https://youtu.be/PIqTeuHeYKw
វីដេអូហាយឡាយ

ខណ:វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតរវាង FC Barcelona ទល់នឹង Real Betis នៅយប់ថ្ងៃទី១២ ឈានចូលព្រឹកថ្ងៃទី១៣ វេលាម៉ោង ២:០០ រំលងអធ្រាត្រ នៅកីឡដ្ឋាន King Fahd International នៅប្រទេសអារ៉ាប៊ីសាអូឌីត។

គួរដឹងថាពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៣លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨) ខណ: Real Madrid ឈ្នះ១២លើក៕

Share.