ភាពយន្ត​ភាគ​បុរាណ​បែប​ព្រេង​និទាន​​ «មាយា​ដក​ខ្ញី​» ​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​ពី​ផលិតកម្ម​ DR Production ក្រោម​ស្នាដៃ​ដឹកនាំដោយ​លោកLy Chandy (លី ចាន់ឌី) គ្រប់​គ្រង​ការ​ផលិត​ដោយ​ Mr.Royce កំពុង​តែ​ត្រៀម​ខ្លួន​មក​បម្រើ​ចំណី​ចក្ខុ​ប្រិយមិត្តទស្សនិកជន​ក្នុង​​ពេល​ឆាប់​ៗ​នេះ​លើ​កញ្ចក់​ទូរទស្សន៍​ CTN កម្ពុជា​។ យ៉ាង​ណា​មិញ​ ត្រយង​សួម​លើក​យក​មក​សង្ខេប​ដោយ​ត្រួស​ៗ​ ចំណុច​សំខាន់ៗ​ចំនួន​៣ ដែល​អ្នក​និយម​ទស្សនា​រឿង​ភាគ​ខ្មែរ​មិន​គួរ​ មើល​រំលង​ភាពយន្ត​ភាគ​មួយ​នេះ​។

សូម​ចុច​អាន​ តួ​ឯក​ប្រុស​ «​តម្លង់​៧​សន្តាន​» ​ស្នើ​សុំ​ឱ្យ​ចាំ​មើល​សាច់​រឿង​សិន ​កុំ​អាល​​រិះគន់​លោក​គ្រាន់​តែ​ឃើញ​វីដេអូ​ខ្លី​​!​​​​


១. រឿង​នេះ​ជា​រឿង​ព្រេង​និទាន​របស់​ខ្មែរ​ពី​ជំនាន់​ដើម ហើយ​ត្រូវ​បាន​លើក​យក​មក​ផលិត​ឡើង​វិញ​​យ៉ាង​សម្រិត​សម្រាំង​ ទាំង​គុណភាព​រូប​ ការ​ប្រើប្រាស់​បច្ចេកទេស​ថត​ទំនើប​ ការ​បញ្ចូល​នូវ​ពាក្យ​ពេចន៍​ថ្មី ប្លែក​អារម្មណ៍​អ្នក​ទស្សនា​ ជា​ពិសេស​ការ​ជ្រើសរើស​តួ​អង្គ​សម្ដែង​ថ្មីៗ​ ស្អាតៗ​ និង​មាន​ទេពកោសល្យ​សម្ដែង​ខ្ពស់​។

២. ​ការ​ផលិត​រឿង​នេះ​ឡើង​ គឺ​ចូលរួម​ថែរក្សា​និង​អភិរក្ស​រឿង​ព្រេង​និទាន​ខ្មែរ​ ឱ្យ​ក្មេង​ៗ​ជំនាន់ក្រោយ យុវជន​ យុវនារី​​​ ដែល​នៅ​មិន​ទាន់​បាន​ដឹង​ ​និង​ ស្គាល់​ពី​រឿង​ភាគ​នេះ​បាន​​យល់​កាន់​តែ​ច្បាស់​​ តាមរយៈ​ការ​បញ្ចូល​នូវ​ខ្លឹមសារ​អប់រំ បង្កប់​ដោយ​ទស្សនៈ​វិជ្ជា ពិសេស​ឆ្លុះ​បញ្ចាំង​ពី​សីលធម៌​ និង ​ការ​រស់​នៅ​​សង្គម ​បង្ហាញ​ឱ្យ​មនុស្ស ​យល់​ពី​​បុណ្យ​ ចេះ​ខ្លាច​​បាប ប្រព្រឹត្តអំពើអាក្រក់​ ​នឹង​ទទួល​លទ្ធផល​អាក្រក់ ​​​។ ពិសេស​ជាង​នោះ​ទៀត​ ដើម្បី​បញ្ជាក់​ឱ្យ​សាធារណជន​ ឈប់​មាន​ការ​ភ័ន្ត​ច្រឡំ​ រវាង​រឿង​បុរាណ​និទាន «មាយាស្ត្រី​» និង​រឿងនិទាន​ «មាយា​ដក​ខ្ញី​» គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា​។

៣. ​រឿង​ព្រេង​ដែល​មាន​ចំនួន​ត្រឹម​១០​ភាគ​ ប៉ុន្តែ​ចំណាយ​ពេល​ថត​យ៉ាង​យូរ​ ដោយ​សារ​តែ​​ដំណើរ​ការ​ថត​ចំពេល​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​ ធ្វើ​ឱ្យ​ការ​ថត​និង​ផលិត​រឿង​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​​រយៈ​ពេល​វែង​ ប៉ុន្តែ​នៅ​ពេល​ត្រលប់​មក​ថត​វិញ​ ក្រុម​ការងារ​ ក៏​ដូច​ជា​តួអង្គ​មាន​ការតាំង​ចិត្ត​ខ្ពស់​ មិន​ខ្លាច​នឿយ​ហត់​ តាំង​ពី​ព្រលឹងម ទល់​ព្រលប់ ធ្វើ​យ៉ាង​ណា​​បញ្ចប់​ស្នាដៃ​រឿង​នេះ​ប្រកប​ដោយ​គុណភាព​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ល្អ​សម្រាប់​អ្នក​ទស្សនា​។

យោង​តា​ម​ការ​បញ្ជាក់​របស់​ លោក​ ថន ណារ៉ុង ដែល​ជា​ AD រឿង​ភាគ​ «មាយា​ដក​ខ្ញី​» ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​ ក្រុម​ការងារ​ថត​ជួប​ឧបសគ្គ​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​ជំងឺ​កូវីដ​-១៩ ការងារ​ថត​​តម្រូវ​ឱ្យ​មាន​ការរឹត​បន្តឹង​​និង​ផ្ដោត​​ការ​រក្សា​អនាម័យ​និង​គំលាត​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

ក្នុង​នាម​​ជា​តំណាង​ឱ្យ​ក្រុម​ការងារ​ថត​រៀង​ «មាយា​ដក​ខ្ញី​» លោក​ ថន ណារ៉ុង​ បាន​​​មាន​ជា​មតិ​ស្នើ​សុំ​ទៅ​កាន់​មជ្ឈដ្ឋាន​មហាជន​ឱ្យ​ចូលរួម​ជួយ​គាំទ្រ​ស្នាដៃ​រឿងភាគ​បុរាណ​បែប​ព្រេង​និទាន​​ខ្មែរ​ ដែល​ផលិត​ដឹកនាំ​ដោយ​កូន​ខ្មែរ​ សម្ដែង​ដោយ​កូន​ខ្មែរ ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ​ខ្មែរ​ ព្រោះ​រឿង​នេះ​ផលិតករ​ អ្នក​ដឹកនាំ​ ក្រុមការងារ​ និង​ តួ​សម្ដែង​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​ ទោះ​ជា​ត្រូវ​​ជួប​ឧបសគ្គ​នៃ ​ជំងឺ​កូវីដ​-១៩ ក៏​នៅតែ​ព្យាយាម​បញ្ចប់​រឿង​នេះ​ ដើម្បី​បំរើ​អារម្មណ៍​អ្នក​និយម​ទស្សនា​រឿង​​ព្រេង​បុរាណ​៕

Telegram-Troryorng
Share.