សិល្បៈ​ជាតិ​៖ តារា​សម្ដែង​រូប​ស្រស់​ ស៊ីន​ យូប៊ីន ទើប​តែ​ប្រកាស​មុន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ ​អះអាង​ថា​នាង​នឹង​មិន​យក​ប្ដី​នោះ​ទេ​ បើ​សិន​រឿង​ថ្មី​របស់​ខ្លួន​មិនប្លែក​ មិនកំប្លែង សើច​នោះ​។

ស្រីស្អាត​​ដែល​ជា​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​រៀម​ច្បង​ ទេព រិន្ទដារ៉ូ ដែល​ក្នុង​នោះ​ក៏មាន​តារា​សម្ដែង​ លឹម ជា​ឡាយ​ផង​ដែរ។ រូបភាពនិង​សកម្មភាព​ផ្សេងៗ​របស់​តារា​ស្រី​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នៅពេល​សាមី​ខ្លួន​ភ្ជាប់​ជាមួយ​នឹង​ខ្លឹមសារ​ថា​៖ «តើ​អ្នក​ណា​មួយ​ជា​ម្ចាស់​បេះដូង​អូន​…ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​នេះ? មិន​ប្លេក​ មិន​សើច​ មិនយក​ប្ដី​សុខ​ចិត្ត​នៅ​ Single ដល់​ចាស់»

នៅ​ក្នុង​នោះ​អ្នក​គាំទ្រ​របស់​កញ្ញា​បាន​ចូល​មក​បញ្ចេញ​មតិ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​កញ្ញា​លើក​ឡើង​ថា ប្រាកដ​ជា​ល្អមើល​ហើយ​ព្រោះ​អី​កញ្ញា​ ស៊ីន យូប៊ីន ដល់​ថ្នាក់​ហ៊ាន​និយាយ​បែបនេះ ខណៈ​ដែល​អ្នក​គាំទ្រ​គូ​កញ្ញា​និង​លោក​ ខាត់​ វ៉ៃហាំង ក៏​ចូល​មក​ទាមទារ​ឱ្យ​រឿងថ្មី​នេះ​កញ្ញា​នៅ​តែ​ចាប់​គូ​សម្ដែង​ជាមួយ​នឹង​ដៃ​គូ​ចាស់​។

យ៉ាងណាមិញ​ក៏​មាន​អ្នក​សម្ដែង​អារម្មណ៍​រីករាយ​ហើយ​លើក​ឡើង​ថា​ចង់​ឃើញ​កញ្ញា​ចាប់​ដៃ​គូ​ជាមួយ​នឹង​ លោក លឹម​ ជា​ឡាយ​ យូរ​ហើយ ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នក​លើក​ឡើង​ថា​រឿង​ថ្មី​នេះ តួ​ឯក​ប្រុស​របស់​កញ្ញា​គឺជា ប្រុស​ខួច ព្រោះ​បុរស​សង្ហា​រូប​នេះ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​សម្ដែង​នោះ​ដែរ នេះ​បើ​មើល​ទៅតាម​រូប​ថត​ដែល​កញ្ញា​បាន​បង្ហោះ​។

ទោះ​ជា​មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ពាក់​ព័ន្ធ​ទៅ​នឹង​តួ​ឯក​ប្រុស​ដែល​នឹង​ត្រូវ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​កញ្ញា​ ស៊ីន យូប៊ីន ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ រឿង​ថ្មី​នេះ​ ​លឹម​ ជា​ឡាយ ប្រុសខួច ឬ​ខាត់ ​វ៉ៃហាំង គឺ​ជា​តួ​ឯក​ប្រុស​​របស់​កញ្ញា​ ដូច្នេះ​មាន​ចាំ​តាមដាន​ទាំង​អស់​គ្នា​ទៀត​ តើ​អ្នក​ណា​គឺជា​ម្ចាស់​បេះដូង​របស់​តួ​ឯក​ស្រី​ក្នុង​រឿង​ថ្មី​នេះ​​៕

Share.