បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារបានតវ៉ាជំទាស់ មន្ត្រីជំនាញចុះវាស់វែងចុះបញ្ជីដីធ្លី ដោយអះអាងថា រំលោភលើដីពួកគាត់​ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រជាពលរដ្ឋបានប្រាប់ថា មូលហេតុពួកគាត់ប្រមាណជាង៥០នាក់ តំណាងអោយប្រជាពលរដ្ឋ១០០គ្រួសារ មកធ្វើការតវ៉ានេះ ដោតសារវាជាដីកម្មសិទ្ធិរបស់ពួកគាត់បានទិញនិងមានប័ណ្ណទទួលស្គាល់ពីអាជ្ញាធរក្រុង ហើយបានបង់ពន្ធជូនរដ្ឋ និងរស់ជិត២០ឆ្នាំហើយមានផ្ទះសំបែង និងអាស្រ័យផលនៅលើដីនោះផងដែរ ។ ស្រាប់តែមានលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានសុំទៅទីស្តីការគណៈរដ្ឋមន្ត្រីចេញលិខិតជម្រាបជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យមន្ត្រីជំនាញចុះវាស់វែង រំលោភលើដីកម្មសិទ្ធិប្រជាពលរដ្ឋគាត់ទៅវិញ។

តាមប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា៖ ក្រោយ សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យមន្ត្រីជំនាញ និងវាស់វែងរំលោភយកដីកម្មសិទ្ធប្រជាពលរដ្ឋ ប្រមាណជាង១០០គ្រួសារនៅក្បែរច្រកស្ទឹងបត់ ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារតំណាង១០០គ្រួសារ បានធ្វើការតវ៉ាជំទាស់មិនអោយមន្ត្រីជំនាញវាស់រំលោភដីពួកគាត់ឡើយ ព្រោះដីរបស់ពួកគាត់ទិញមានច្បាប់ទំលាប់ត្រឹមតូវ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋសូមថ្លែងអំណគុណចំពោះឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជន ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ថា ក្រោយដីមានហាងឆេង  ទំនាស់ដីធ្លីក៏មានកើតឡើង  ចឹងសូមឲ្យអាជ្ញាធរក្រុង/ខេត្ត ត្រូវពិនិត្យស្រាវជ្រាវអោយបានច្បាស់ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ដី។

ទាក់ទិនករណីប្រជាពលរដ្ឋប្រមាណ៥០នាក់ តំណាងប្រជាពលរដ្ឋជាង១០០គ្រួសារបានមកតវ៉ាជំទាស់ រឿងមន្ត្រីជំនាញចុះវាស់វែង រំលោភលើដីកម្មសិទ្ធិប្រជាពលរដ្ឋគាត់នេះ យើងនៅមិនទាន​អាចទាក់ទង់​ទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននៅឡើយទេ៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.