ភាពចម្រូងចម្រាស់ផ្ដើមចេញពីលោក គង់ គាំ ប្រើវេទិកាគណបក្សភ្លើងទានវាយប្រហារគណបក្សប្រជាជនកម្ពុជា ទំនងជាមិនបញ្ចប់ត្រឹមតែការប្រឈមមុខនឹងពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំនោះឡើយ ដ្បិតប៉ុន្មានថ្ងៃចុងក្រោយនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើយុទ្ធនាការទាមទារយកមកវិញនូវដីរបស់ក្រសួងការបរទេសដែលត្រូវបានកាន់កាប់ដោយលោក គង់ គាំ តាំងតែពីអំឡុងដើមឆ្នាំ១៩៨០។

លោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងក៏ជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថាដីដែលលោកអាស្រ័យនៅជាងកន្លះជីវិតមកនោះ ពិតជាអតីតដីរបស់ក្រសួងការបរទេសមែន និងថែមទាំងអះអាងថាការមករស់នៅលើដីនោះ ក៏លោកធ្លាប់បានជូនដំណឺងទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដែលកាលណោះជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសផងដែរ។ យ៉ាងណាក៏ដោយ សម្ដេចតេជោ បានឱ្យដឹងថាសម្ដេចបានទទួលការជូនដំណឺងនោះមែន ប៉ុន្តែគ្មានឡើយការសម្រេចឱ្យដីនោះទៅលោក គង់ គាំ។

លោក គង់ គាំ មានបណ្ណកម្មសិទ្ធិលើដីនោះនៅឆ្នាំ២០១៥? សម្ដេចតេជោមិនឯកភាពឡើយ! សម្ដេចបានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះថា«ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេសធ្វើជាកម្មសិទ្ធិឯកជនដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ។

តាមរយៈទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយ៍ភាពរបស់ខ្លួន និងបានបញ្ជូនចែកផ្សាយបន្តលើបណ្ដាញតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន បានអះះអាងច្បាស់ៗថា«ដីនិងផ្ទះដែល គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន»។

សូមបញ្ជាក់ថាដីលោក គង់ គាំ ដែលក្លាយជាកម្មវ​ត្ថុនៃការទាមទារមកវិញរបស់រាជរដ្ឋាភិបាលកម្ពុជា មានទីតាំងនៅខាងលិចស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងមានចំងាយប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្បែរដ្ឋសភា។ ដីនោះធំ និងមានទីធ្លាទូលាយ ដ្បិតលោក គង់ គាំ ហាក់មិនបានសង់សំណង់អ្វីជាដុំកំភួននោះទេ បើទោះជាលោកបានកាន់កាប់ដីនោះជាច្រើនសិបឆ្នាំមកហើយក៏ដោយ។

លោក គង់ គាំ ស្ថិតក្នុងចំណោមអ្នកនយោបាយជើងចាស់ មានវោហារសព្ទ និងចំណេះដឹងច្រើន។ មុនមកតាំងលំនៅលើចម្រូងចម្រាស់នោះ លោកធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតរបបសាធារណរដ្ឋប្រជាមនិតកម្ពុជាប្រចាំនៅសាធារណរដ្ឋវៀតណាម។ លោក និងកូនប្រុសៗ៣នាក់ទៀត សុទ្ធតែជាអ្នកនយោបាយ ប៉ុន្តែហាក់ដូចជាទទួលរងការសើចសំអកច្រើន ដ្បិតសុទ្ធតែមានប្រវត្តផ្លាស់ទ្រនំបក្សច្រើន និងចែកគ្នាជ្រកតាមបណ្ដាបក្សផ្សេងៗ។

លោក គង់ គាំ ជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្រោយមកក៏ប្ដូរទិសទៅចុះចូលគណបក្ស សម រង្ស៊ី។ ចុងក្រោយនេះ លោកក៏ចេញមកជួយជ្រោមជ្រែងកូនប្រុសឈ្មោះ គង់ ម៉ូនីកា ដើម្បីបក្សឆន្ទៈខ្មែររហូតបានតួនាទីជាឧក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។ កូនប្រុសរបស់លោក ឈ្មោះ គង់ សុភា កំពុងអាស្រ័យជីវិតនយោបាយជាមួយលោក សម រង្ស៊ី នៅក្រៅប្រទេស ខណៈកូនប្រុសម្នាក់ទៀតឈ្មោះ គង់ បូរ៉ា បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ៕

Share.