ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ដាក់ពន្ធនាគារពីបទ កិបកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់ មាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃ ក្រម ព្រហ្មទណ្ឌ មាត្រា ៣២នៃច្បាប់ស្តីពីការប្រឆាំងអំពេីពករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ជនត្រូវចោទឈ្មោះ ឡាយ សំណាង ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងារដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង ១៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។

ជនសង្ស័យ ឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ ជនសង្ស័យរូបនេះ ក៏ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ៕

អត្ថបទ៖ចតុមុខ

Share.