កាលពីវេលាទាបភ្លឺថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ ២០២៣ ក្នុងការប្រកួតពានរង្វាន់ Spanish Super Cup ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានការប្រកួត ១គូ​ ដោយក្នុងនោះ Barcelona បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ Real Betis បាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។

ខណ:អធិរាជស Real Madrid ក៏បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រដូចគ្នា ក្រោយយកឈ្នះ Valencia បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន King Fahd International នៅប្រទេសអារ៉ាប៊ីសាអូឌីត។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Spanish Super Cup រវាងក្រុមអ្នកមានបុណ្យ FC Barcelona ទល់នឹង អធិរាជស Real Madrid នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១:៣០ រំលងអធ្រាត្រ នៅកីឡដ្ឋាន King Fahd International នៅប្រទេសអារ៉ាប៊ីសាអូឌីត។

គួរដឹងថាពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៣លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨) ខណ: Real Madrid ឈ្នះ១២លើក៕

Share.