ព្រះករុណាជាអម្ចាស់ជីវិតលើលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជា សម្ដេចព្រះរាជគ្រូព្រះប្រធាន មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី។ នេះបើតាមព្រះរាជក្រឹត្យដែលត្រូវបានផ្ញើជូនមកសារព័ត៌មានត្រយងដោយឯកឧត្តម ងួន ស្ដេចភក្ដី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

មណ្ឌល​ព្រះ​កម្មដ្ឋាន ព្រះករុណា​ព្រះមហាក្សត្រ ​សីហមុនី ផ្តួច​ផ្តើម​កសាង​ដោយ​សម្តេច​ព្រះ​អភិសេរី​សុគន្ធា​ មហា​សង្ឃ​រា​ជាធិបតី ​កិត្តិឧទ្ទេស​បណ្ឌិត ​បួរ គ្រី ​សម្តេចព្រះមហា​សង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​កនិកាយ ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែលបាន​ចាប់ផ្តើម​កសាង​ដំបូង​នៅ​ថ្ងៃទី១០​ ខែមីនា ​ឆ្នាំ​២០២២​ លើ​ផ្ទៃដី​ជាង​៤ ០០០​ម៉ែត្រ​ការ៉េ​។ ទីតាំង​មណ្ឌល ​មាន​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរតូច​ ឬ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ​ធំ​ ស្ថិត​នៅ​ភូមិ​គោក​បេង​ សង្កាត់​គោក​ចក ​ក្រុង​សៀមរាប។

ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឬទ័យ សម្ដេចយាងប្រារព្ធព្រះរាជពិធីសម្ពោធ ​​មណ្ឌល​ព្រះ​កម្មដ្ឋាន ​ព្រះករុណា​ព្រះមហាក្សត្រ​ សីហមុនី កាលព្រឹក​ថ្ងៃទី១៨​ខែធ្នូ ​ឆ្នាំ២០២២ ​និងបានមាន​ព្រះរាជបន្ទូលថាមណ្ឌល​ព្រះកម្មដ្ឋាន​ ស័ក្តិសម​ប្រពៃណាស់​ ដែល​ត្រូវបាន​សាងសង់​នៅ​ទីនេះ​ ព្រោះ​ជា​ភូមិឋាន​ត្រជាក់​ត្រជំ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ​និង​អាជ្ញាធរ​ខេត្តសៀមរាប និងបានប្រទានពរមណ្ឌលព្រះកម្មដ្ឋាននេះមានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀតពីគ្រប់ជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាការពារ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា៕

Share.