កំពង់ឆ្នាំង៖ អធិការដ្ឋាននគរបាលស្រុកជលគីរី ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ ក្នុងភូមិក្បាលកន្លង់ រឹបអូសវត្ថុតាងមួយចំនួន ​ឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំត្រូវបានកាប់បំផ្លាញចោលនៅកន្លែង។

នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី បានសហការជាមួយ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុកជលគិរី ប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់ ធ្វើការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបាក់អង្រត់ បឹងប្រា ស្វាយបាក់ និង ព្រែកស្តីដង្គ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី បានចុះរុះរើរបាំងសាច់អ៊ួនចំនួន ២កន្លែង ប្រវែង១០០ម៉ែត្រ ,លបលូសាច់អ៊ួន ចំនួន៥លប ,រើសម្រាស់ចំនួន ៦កន្លែង ស្មើនឹង ៩០ម៉ែត្រការ៉េ ,មែកសម្រាស់ចំនួន ៣០០មែក, បង្គោលសរុប ចំនួន៧០ដើម, ព្រមទាំងបានចាក់លែងកូនត្រី ចំនួន១០គីឡូក្រាម។ ចំពោះសម្ភារៈទាំងអស់ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី សម្រេចកាប់បំផ្លាញចោលនៅនឹងកន្លែងតែម្តង៕

អត្ថបទ៖ ចតុមុខ

Share.