នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy បានប្រកាសចែក​ផ្លូវ​ជា​មួយខ្សែការពារ ធារី ចន្ថាប៊ីន ក្រោយរួមរស់អស់រយ:ពេល២រដូវកាលមកនេះ។

កីឡាករកូនខ្មែរ-បារាំង បានចូលរួមជាមួយវិសាខា នៅដើមរដូវកាល២០២១ បន្ទាប់ពីលេងនៅលីគកំពូលម៉ាឡេស៊ី អស់រយ:ពេល៣ឆ្នាំ ពោលនៅ Terrenganu FA ២ឆ្នាំ និង Perak FA ១ឆ្នាំ។ រួមចំណែកជួយវិសាខា ឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន រដូវកាល ២០២១ និង២០២២។

ក្រៅពីនេះក្លិបបាល់ទាត់វិសាខា ក៏បានប្រកាសតែងតាំងលោក មាស ចាន់ណា ជានាយកបច្ចេកទេស, លោក Sarunas Biciusas ជាគ្រូ​បង្វឹក​កាយ​សម្បទា, លោក Daryl Martin Willard ជាគ្រូជំនួយរបស់ក្រុមធំ និងជាអ្នកគ្រប់គ្រងក្រុមយុវជនថ្នាល និងបន្ដកិច្ចសន្យាថ្មីជាមួយលោក Tunji Ayoyinka Akeeb ក្នុងតួនាទីជាគ្រូជំនួយ។

ចំពោះការចាកចេញរបស់កីឡាករ ធារី ចន្ថាប៊ីន ក្លិបបាល់ទាត់វិសាខា ក៏បានប្រកាសអំពីការវិលត្រលប់របស់ខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីខ្សែ​ការ​ពារ​រូបនេះ បាន​ព្យា​បាល​របួស​ជា​សះ​ស្បើយ ១០០% ដើម្បីត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មី ឆ្នាំ២០២៣ ខាងមុខ៕

Share.