កាលពីវេលាទាបភ្លឺថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ ២០២៣ ក្រុមអ្នកមានបុណ្យ FC Barcelona បានគ្រងជើងឯក Supercopa de España ឬ Spanish Super Cup រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Real Madrid ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន King Fahd International នៅប្រទេសអារ៉ាប៊ីសាអូឌីត។

៣គ្រាប់របស់ Barcelona ស៊ុតបញ្ចូលទីដោយកីឡាករ Gavi នៅនាទី៣៣, Robert Lewandowski នាទី៤៥ និង Pedri នាទី៦៩ ខណ:១គ្រាប់របស់ Real Madrid ស៊ុតដោយ Karim Benzema នាទី៩០+៣។

ចំពោះលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
Real Madrid យកឈ្នះ Valencia បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។
Barcelona យកឈ្នះ Real Betis បាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នា ២-២ ក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង។

គួរដឹងថាពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៤លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨ និង ២០២៣) ខណ: Real Madrid ឈ្នះ១២លើក៕

វីដេអូហាយឡាយ
Share.