ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​នារី​របស់​ថៃ បាន​ធ្វើ​ដំណើរ​មក​ដល់​មាតុភូមិ​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២​ខែ​មិថុនា ក្រោយ​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​ក្នុង​​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2021 FIVB Volleyball Women’s Nations League ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី កាល​ពី​ពេល​ថ្មីៗ។

ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ចំណោម​សមាជិក​ទាំង​១៦​ក្រុម ថៃ បាន​ប្រកួត​ចាញ់​​១៣​លើក​នឹង​ឈ្នះ​២លើក ឈរ​នៅ​បាត​តារាង​ក្រោយ​មាន​ត្រឹម​៦ពិន្ទុ​តិច​ជាង​គេ។

អត្ថបទពាក់ព័ន្ធ៖FIVB VNL 2021៖នារី​អាមេរិក ប្រេស៊ីល ជប៉ុន និង​ទួរគី ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

លទ្ធផល​ប្រកួត​កន្លង​មក​ថៃ បាន​ប្រកួត​ចាញ់​ក្រុម​ជប៉ុន ៣សិត​ទល់០, ចាញ់​កូរ៉េខាងត្បូង ៣​សិត​ទល់១, ចាញ់​​ចិន ៣​សិត​ទល់០, ចាញ់​ហុល្លង់ ៣សិត​ទល់០, ចាញ់​សែប ៣សិត​ទល់០,​ចាញ់​អាមេរិក ៣សិត​ទល់០,​ចាញ់​ទួរគី ៣សិត​ទល់១, ចាញ់​រុស្ស៊ី ៣សិត​ទល់១, ចាញ់​​សាធារណរដ្ឋ​ដូមីនីក ៣សិត​ទល់០, ឈ្នះ​អាល្លឺម៉ង់ ៣សិត​ទល់១,​ចាញ់​ប៉ូឡូញ ៣សិត​ទល់០,​ចាញ់​ប្រេស៊ីល ៣សិត​ទល់០ ចាញ់​បែលហ្សិក ៣សិត​ទល់១, ឈ្នះ​កាណាដា ៣សិត​ទល់០ និង​ចាញ់​អ៊ីតាលី ៣សិត​ទល់១។

សូម​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បាន​តែងតាំង​លោក Kittikun Sriutthawong អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បុរស​ថៃ ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួស​លោក​ Danai Sriwatcharamethakul ដែល​ជា​គ្រូ​បង្វឹក​​ត្រូវ​​ធ្វើ​ចត្តាឡឺស័ក ជាមួយ​នឹង​ក្រុម​បាល់ទះ​នារី ឈុត​ចាស់​ដែល​ឆ្លងកូវីដ-១៩ មុន​ពេល​ពានរង្វាន់ 2021 FIVB Volleyball Women’s Nations League។​ លោក Kittikun Sriutthawong បាន​ជ្រើសរើស​កីឡា​ការិនី​ថ្មី ចេញ​ទៅ​ប្រកួត​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖រាជិនី​​បាល់ទះ​ថៃ Ajcharaporn Kongyot ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​​នៅ​លីគ​ទួរគី

ពានរង្វាន់ 2021 FIVB Volleyball Women’s Nations League មាន​ក្រុម​ចូលរួម​ចំនួន​១៦​ក្រុម​មក​ពី​៤ទ្វីប ធ្វើ​ឡើង​នៅ​ប្រទេស​អ៊ីតាលី ពី​ថ្ងៃ​ទី​​​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១។ ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ឃើញ​ថា​ក្រុម​​អាមេរិក,ប្រេស៊ីល,ជប៉ុន និង​ទួរគី មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.