ភ្នំពេញ៖លោក ទីវ គឹមពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣ បានបើកសវនាការលើសំណុំរឿង លើជនជាប់ចោទឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ ពីបទ. ឃាតកម្មគិតទុកជាមុន(រឿងប្រច័ណ្ឌ ស្រលាញ់ភេទដូចគ្នា)។

ពេលបញ្ចប់សវនាការលោកចៅក្រមប្រធានក្រុមប្រឹក្សាជំនុំ បានកំណត់ពេលយកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៣ ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។

ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី នៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនល្មើសធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យដែលពាក់ពន្ធ័នឹងករណីឃាតកម្មនេះឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។

ជនសង្ស័យបានសារភាពនៅ ដំណាក់កាលសមត្ថកិច្ចថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានសម្លាប់ឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទនិងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សម្ភារៈដកហូត ទូរសព្ទ័ ០១ គ្រឿងជារបស់ជនរងគ្រោះ៕

អត្ថបទ៖តាតុង សែនជ័យ

Share.