ទេសភាពភូមិមួយនៃស្រុកល្វាឯម

ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃនឹងធ្វើពិធីប្រកាសផ្សព្វផ្សាយ «លេខាធិការដ្ឋាន គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ពិធីនេះ គ្រោងធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃហើយ។

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណសម្បត្តិចំនួន៧ រួមមាន៖

១- ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦-អនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

យោងតាមប្រកាសលេខ៤៣៩៨ ប្រក ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខធិការដ្ឋានគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព លេខាធិការដ្ឋាននេះ ជាសេនាធិការឱ្យក្រសួងមហាផ្ទៃក្នុងការសម្របសម្រួល គាំទ្រ និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ហៅកាត់ថា«លេខាធិកាដ្ឋាន គ.ភ.ឃ.ស»

សេចក្ដីសម្រេចដោយឡែកមួយទៀត លេខ៦៤៧៣ សសរ ស្ដីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំ និងក្រុមចំណុះលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឱ្យដឹងថាលេខាធិការដ្ឋាននេះ មានឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៧រូប និងសមាជិកមួយចំនួនទៀត។

ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

លេខាធិការដ្ឋាននេះ មានភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • សហការរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន ស្ដីពីការសហការសម្របសម្រួល ការតាមដាន ការត្រួតពិនិត្យ និងការដាស់តឿន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • សហការ និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • សហការ និងផ្ដល់អនុសាសន៍ក្នុងការអនុវត្តលក្ខណសម្បត្តិនៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • សហការ ដឹកនាំ និងផ្ដល់អនុសាសន៍ក្នុងការអនុវត្តចលនាប្រឡងប្រណាំងអំពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • កៀរគរការចូលរួម និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានាក្នុងការអនុវត្តគោលនយោបាយ ភូមិ​-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីណែនាំពាក់ព័ន្ធគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • តាមដានត្រួតពិនិត្យ​ វាយតម្លៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
  • បូកសរុប និងរៀបចំរបាយការណ៍ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជូនក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល
  • បំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

លេខាធិការដ្ឋាន គ.ភ.ឃ.ស មានក្រុមចំណុះចំនួន៤ ជាជំនួយការ រួមមាន៖

១-ក្រុមសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានភារកិច្ចតាមតាន ត្រួតពិនិត្យ និងដាស់តឿនក្នុងការអនុវត្តលក្ខណសម្បត្តិទី២ ទី៣ និងទី៤ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការផ្ដល់អនុសាសន៍ក្នុងការអនុវត្តវចលនាប្រឡងប្រណាំងលក្ខណសម្បត្តិទាំង៣នេះជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ

២-ក្រុមសេវាសាធារណៈ និងដោះស្រាយវិវាទនៅមូលដ្ឋាន ដឹកនាំដោយឯកឧត្តម ប្រាក់​ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ មានភារកិច្ច្ចសហការ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងដាស់តឿនក្នុងការអនុវត្តលក្ខណសម្បត្តិទី១ និងទី៥ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ និងដាក់បញ្ចូលនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទៅក្នុងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ផែនការយុទ្ធសាស្រ្តថវិកា និងគម្រោងប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងនិងពង្រីកការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញចលនាប្រឡងប្រណាំង និងការងារមួយចំនួនទៀត។

ឯកឧត្តម ប្រាក់​ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល

៣-ក្រុមបរិស្ថាន សុខាភិបាល និងគ្រោះមហន្តរាយ ដឹននាំដោយ​ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងមានភារកិច្ចសហការ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងដាស់តឿនក្នុងការអនុវត្តលក្ខណៈសម្បត្តិទី៦ និងទី៧ នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ និងដាក់បញ្ចូលនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទៅក្នុងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ផែនការយុទ្ធសាស្រ្តថវិកា និងគម្រោងប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញចលនាប្រឡងប្រណាំងជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ

៤-ក្រុមរដ្ឋបាលសរុប និងភស្តុភារ ក៏ត្រូវបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងហាផ្ទៃ មានភារកិច្ចសហការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង និងរយៈពេលមធ្យម ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្រប់គ្រងចាត់ចែងបុគ្គលិក ទ្រព្យសម្បត្តិ និងថវិការបស់លេខធិការដ្ឋាន គ.ភ.ឃ.ស រៀបចំនិងដំណើរការកិច្ចលទ្ធកម្មនានា រៀបចំកិច្ចប្រជុំ សិក្ខាសាលា និងកម្មវិធីផ្សេងៗជាដើម។

ក្រុមចំណុះទាំង៤សុទ្ធតែមានអនុប្រធានអចិន្រ្តៃយ៍មួយរូបៗ អនុប្រធាន និងសមាជិកមួយចំនួនទៀត។ ប្រការ១០ និង១១នៃសេចក្ដីសម្រេចដដែលបានកំណត់ថាលេខាធិការដ្ឋាន គ.ភ.ឃ.ស មានថវិការបស់ខ្លួន ដើម្បីអនុវត្តតួនាទី និងភារកិច្ចនានា ដែលថវិកានោះត្រូវស្ថិតក្នុងកញ្ចប់ថវិការបស់ក្រសួងមហាផ្ទៃ ហើយលេខាធិការដ្ឋានមួយនេះ ក៏អាចទទួលជំនួយបច្ចេកទេស ហិរញ្ញវត្ថុ និងសម្ភារៈពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានាផងដែរ។

សម្ដេចកអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹងគុណភាពនៃការបំពេញភារកិច្ចរបស់តួអង្គសំខាន់ៗនៅក្នុងមូលដ្ឋាន រួមមាន មេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ប្រធានប៉ុស្តិ៍ឬមណ្ឌលសុខភាព និង នាយកសាលារៀន ដែលជាតួអង្គបំពេញភារកិច្ចផ្ដល់សេវាសាធារណៈដោយផ្ទាល់ជូនប្រជាពលដ្ឋនៅក្នុងមូលដ្ឋានរៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវបានតម្លើងកម្រិត និងកំណត់លក្ខណសម្បត្តិចំនួន៧​ ដោយសម្រួលពីគោលនយោបាយចាស់ គឺគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានអនុវត្តរយៈពេល១០ឆ្នាំមកហើយ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ទស្សនាទានថា«នៅពេលភូមិ ឃុំ សង្កាត់យើងទាំងមូលមានសេចក្ដីសុខ និងសុវត្ថិភាព នោះក៏មានន័យថាទូទាំងប្រទេសយើងមានសេចក្ដីសុខ និងសុវត្ថិភាពដែរ»។ នេះបើតាមសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២៕

ងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

Share.