ពានរង្វាន់បាល់ទាត់លីគកំពូលប្រទេសឡាវ 2021 Lao Premier Leagueនឹងចាប់ផ្ដើមប្រកួតពីថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ ចុងសប្ដាហ៍ក្រោយនេះតទៅហើយ ដោយនៅសល់ក្រុមចូល៥ក្រុមប៉ុណ្ណោះ បន្ទាប់ពីក្រុម Lao Police Club បានបន្តដកខ្លួន។
ដូច្នេះក្រុមដែលនៅសល់មាន ៥ ក្រុមដូចជា Lao Toyota, Young Elephants, Ezra, Lao Police Club,Viengchanh និង Army FC (ក្រុមជើងឯកលីគទី២)។ ក្រុម Lao Police Club ជាក្លិបទី២ បានប្រកាសដកខ្លួនបន្ទាប់ពីក្រុមជើងឯករងឆ្នាំចាស់ Master 7 FC បានដកខ្លួនកាលពី១ខែមុន។
តាមគម្រោងក្រុមទាំង៥ ត្រូវប្រកួតគ្នាវិលជុំចំនួន៣ជើង ចំនួន១៥សប្ដាហ៍ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនឹងឈ្នះជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន 300,000,000 គីប ឬស្មើប្រហែលជាង៣ម៉ឺនដុល្លារអាមេរិក ព្រមទាំងទទួលកៅអីចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2022 តំណាងឱ្យប្រទេសឡាវ ផងដែរ។
សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលប្រទេសឡាវ កាលពីឆ្នាំ២០២០ មានក្រុមចូលរួម៧ក្រុម ហើយឆ្នាំ២០១៩ មានក្រុមចូលរួម៦ក្រុម ឆ្នាំ២០១៨ មានក្រុមចូលរួម៨ក្រុម ឆ្នាំ២០១៧មានក្រុមចូលរួម៨ក្រុមនិងឆ្នាំ២០១៦ក្រុមចូលរួមរហូតដល់១៤ក្រុមឯណោះ៕
