នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សមាគកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសថាកីឡាករ ភួង សុខសាណា បានសម្រេចចិត្តចូលនិវត្តន៍ ពីអាជីពជាកីឡាករបាល់ទាត់ហើយ ក្រោយរួមរស់អស់រយៈពេលប្រមាណជាង ១៣ឆ្នាំមកនេះ។

រយ:ពេល១៣ឆ្នាំជាមួយក្លិបបាល់ទាត់ Tiffy Army FC ខ្សែប្រយុទ្ធពាក់អាវលេខ៧ ភួង សុខសាណា បានបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែកលើកពានរង្វាន់ Hun Sen Cup រដូវកាល ២០១០, ២០១៦ និង ២០១៨ ផងដែរ។

ខណ:ក្នុងក្រុមជម្រើសជាតិកម្ពុជា ភួង សុខសាណា ធ្លាប់ជាប់តាំងពីឈុត U22, U23 និងឈុតធំ តាំងពីឆ្នាំ ២០១០ រហូតដល់ចុងឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន១១លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់ ទល់នឹងទីម័រខាងកើត មុនរបួសសរសៃពួរគន្លាក់ជង្គង់ (ACL)។

ទោះបីជាសម្រាកពីវិស័យបាល់ទាត់ តែ សាណា បានបញ្ជាក់គោលជំហរថារូបគេនៅបន្តតែគាំទ្រគ្រប់សកម្មភាពរបស់ក្លិប Tiffy Army FC ព្រោះថារូបខ្លួនត្រូវបានគេស្គាល់មកដល់សព្វថ្ងៃគឺដោយសារក្លិបទ័ពមួយនេះ។ ក្នុងនោះ សាណា ក៍បានផ្ដាំផ្ញើដល់ប្អូនៗ ជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ស្តាប់គ្រូបង្វឹក និងប្រឹងប្រែងហ្វឹកហាត់ជាប្រចាំដើម្បី ស្វែងរកឱកាសជាប់ជម្រើសជាតិ និងជោគជ័យលើវិស័យកីឡាបាល់ទាត់មួយនេះ៕

Share.