អតីតអាជ្ញាកណ្ដាល FIFA កម្ពុជា លោក លឹម ប៊ុនធឿន ស្ថិតក្នុងចំណោមកីឡាករទាំង៣០នាក់ ដែលបានជាប់ក្នុងការធ្វើតេស្តក្លាយជាកីឡាកររបស់ក្លិបកីឡាសន្តិភាព ដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) តំណាងអោយខេត្តកំពង់ធំ។
ក្នុងនោះលោក លឹម ប៊ុនធឿន នឹងលេងតួនាទីជាខ្សែបម្រើ ឱ្យក្លិបកីឡាសន្តិភាព ក្រោយប្រកាសចូលនិវត្តន៍ ពីអាជីពជាអាជ្ញាកណ្ដាលរបស់ FIFA នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក លឹម ប៊ុនធឿន (Lim Bunthoeun) កាលពីពេលថ្មីៗ។ លោកសរសេរថា៖«ការប្រកួតអន្តរជាតិចុងក្រោយដែលត្រូវចូលនិវត្តន៍ពី FIFA អរគុណ FFC និងនាយកដ្ឋានអាជ្ញាកណ្តាល»។
លោក លឹម ប៊ុនធឿន ជាប់ឈ្មោះក្នុងបញ្ជីអាជ្ញាកណ្ដាលកម្រិតអន្តរជាតិឆ្នាំ ២០១៥ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយ លោក ទុយ វិច្ឆិកា និង លោក ថោង ច័ន្ទកិត្យា។
រឿងដែលជាប់ក្នុងកំណត់ត្រាអាជ្ញាកណ្តាលកម្រិតទ្វីបអាស៊ី នោះលោក ជាអាជ្ញាកណ្តាលម្នាក់ក្នុងចំណោម៣នាក់របស់កម្ពុជា ដែលបានជាន់ទីលាននៃការប្រកួតពានរង្វាន់កម្រិតខ្ពស់ AFC Champios League បន្ទាប់ពីលោក ថោង ច័ន្ទកិត្យា និង ទុយ វិច្ឆិកា។
សម្រាប់លោក លឹម ប៊ុនធឿន បានជាប់ឈ្មោះជាមន្រ្តីអាជ្ញាកណ្តាលទី៤ ក្នុងពានរង្វាន់ AFC Champions League និង AFC Cup កាលពីឆ្នាំ ២០១៧។ ក្រៅពីនោះបុរសវ័យ៤២ឆ្នាំរូបនេះ ក៏ធ្លាប់កាត់សេចក្តីនៅកីឡដ្ឋាន New Laos National Stadium ក្នុងទីក្រុងវៀងចន្ទន៍ ជំនួបមិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះ ឡាវ ប៉ះ អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០១៥។
គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្តព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្តត្បូងឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩។
សម្រាប់ក្រុមបាល់ទាត់សន្តិភាពកំពង់ធំ ក្នុងរដូវកាលឆ្នាំ២០២២ កន្លងទៅក្នុងពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត ជាក្រុមលេខ១ក្នុងពូល D ក្រោយប្រកួតឈ្នះ៣លើក និងស្មើ៣លើក ដឹកដៃក្រុមអធិរាជដំរីឦសាន ឡើងទៅវគ្គ៨ក្រុមចុងក្រោយ តែចាញ់ក្រុមជើងឯករងឧត្តរមានជ័យ នៅវគ្គនេះដោយបាល់ប៉េណាំងទីកាត់សេចក្តី៤-៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង ២-២។