នាងខ្ញុំជានិស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប៉ុន្តែអត្ថបទនេះមិនឆ្លុះបញ្ចាំងពីសាកលវិទ្យាល័យដែលខ្ញុំរៀន និងក៏មិនឆ្លុះបញ្ចាំងពីគេហទំព័រសារព័ត៌មានត្រយងមួយនេះដែរ។ នាងខ្ញុំសូមអរគុណសារព័ត៌មានត្រយងដែលបានបង្កើតមាតិការនេះឡើង។ នេះជាអត្ថបទី២របស់នាងខ្ញុំ ហើយនាងខ្ញុំសូមបញ្ចេញទស្សនៈផ្ទាល់ខ្លួនមួយ អំពីភាពអសីលធម៌ជ្រុលហួសហេតុនៃប្រព័ន្ធផ្សព្វផ្សាយមួយនៅកម្ពុជាដែលនាងខ្ញុំសុំមិនបញ្ចេញឈ្មោះ។ ប៉ុន្តែមុននឹងនាងខ្ញុំបន្តបញ្ចេញទស្សនៈ នាងខ្ញុំស្នើមិត្តអ្នកអានគិតបន្តិចថា បើនិយាយពីវិទ្យុនៅស្រុកខ្មែរយើងនេះ តើវិទ្យុមួយណាដែលមិត្តអ្នកអានបានស្ដាប់ ឬមើលឃើញតាមរយៈការផ្សាយចេញជាវីដេអូ សម្គាល់ឃើញថាមានភាពអសីលធម៌ ឬយកការបំផ្លាញសីលធម៌ខ្មែរមកធ្វើជាខែលដើម្បីទាក់ទាញ។

សុជីវធម៌ សីលធម៌ និង​គុណធម៌ ត្រូវបានសង្គមចាត់ទុកថាជាបណ្ដុំនៃ​គុណ​តម្លៃដែល​មនុស្សម្នាក់​មិនអាច​ខ្វះ​បានឡើយ​ គ្រាន់តែ​ថា ធម៌​ទាំង៣​នេះ មានគុណតម្លៃ​ផ្សេងៗពីគ្នា​ប៉ុណ្ណោះ​។ សុជីវធម៌ គឺសំដៅលើ​កាយវិការ​ និងឥរិយាបថសមរម្យ និង​ពាក្យសម្ដីវាចាពីរោះ សុភាពរាបសា ដែល​សង្គមទទួលស្គាល់ និង​ឱ្យ​តម្លៃ​។ ជាឥ​រិ​យាបថ ដែល​មើលទៅ​គាប់​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ដែល​មនុស្ស​ទូទៅ​ក្នុងសង្គម ត្រូវតែនាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ នោះគឺជា​សុជីវធម៌​។

ជាការយល់ឃើញផ្ទាល់របស់ខ្ញុំ ហើយមិត្តភក្ដិខ្ញុំជានិស្សិតស្រីៗដូចគ្នា រួមទាំងនិស្សិតប្រុសខ្លះទៀតផង ពួកយើងមានគំនិតដូចគ្នាដែរ គឺគំនិតហួសចិត្តនឹងសង្គមខ្លួន​ឯងដែលជាសង្គមមានច្បាប់ មានទម្លាប់ ជាសង្គមមានអរិយធម៌ វប្បធម៌ ប្រពៃណី និងសាសនាដ៏ផូរផង់ល្បីពេញលោកានឹងគេដែរ ប៉ុន្តែបែរជាគ្រប់តួអង្គនៃសង្គមនាំគ្នាសំងំបណ្ដោយ​ឱ្យអង្គភាពផ្សព្វផ្សាយមួយយកតម្លៃនៃសីលធម៌សង្គមជាតិ ពិសេសតម្លៃស្រ្តីមកនិយាយអធិប្បាយ ថែមថយ ប្រៀបធៀបលើក្រោមគ្រប់ទម្រង់ទៅតាមរបៀបនៃការគិត និងវិភាគដ៏ឆ្កួតលីលា ដើម្បីទាក់ទាញការចាប់អារម្មណ៍អ្នកចូលមើល ចែករំលែក ក្នុងគោលដៅផ្សព្វផ្សាយផលិតផលនេះ ផលិតផលនោះ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ឧទាហរណ៍ជាក់ស្ដែងមួយ គឺអង្គភាពផ្សព្វផ្សាយនោះ ដែលមានអ្នកអធិប្បាយជាស្រ្តី ជាភេទទី៣ និងជាពិធីករអាយុចូលវត្តទៅហើយ បាននាំគ្នានិយាយតភាគគ្រប់រឿងលើគ្រែរបស់មនុស្សប្រុសស្រី ដោយអះអាងថាមានគេផ្ញើមកឱ្យជួយបកស្រាយ…។ ក៏នៅមានគម្រូអាក្រក់ៗជាច្រើនទៀតដែរ ដែលនាងខ្ញុំគិតថាមិត្តអ្នកអានសុទ្ធតែដឹងទាំងអស់គ្នា។ នាងខ្ញុំព្រួយបារម្ភនោះ នៅត្រង់ថាចុះបើក្មួយៗតូចរបស់នាងខ្ញុំបានមើល បានស្ដាប់ តើវានឹងឆ្លងមេរោគអសីលធម៌នេះដល់ពួកគេដែរឬយ៉ាងណា? ចុះបើយុវជន យុវតី ជាសិស្ស ជាធនធានរបស់ជាតិ នាំគ្នាមើល ស្ដាប់ តើវាអាចនាំឱ្យពួកគេទទួលវប្បធម៌អាក្រក់នេះ ហើយអាចជ្រុលធ្វើរឿងមិនគប្បីដែរឬយ៉ាងណា? ចុះបើចាស់ៗ ពិសេសប្រុសៗ នាំគ្នាស្ដាប់ នាំគ្នាមើល តើពួកគាត់ទទួលអារម្មណ៍បែបណា អាចកើតអំពើណាចារដែរឬទេ? ចុះព្រះសង្ឃអ្នកបួសក្នុងធម៌ ក្នុងវិន័យ ស្រាប់តែជ្រុលខ្លួនមើល និងស្ដាប់ដែរ តើព្រះអង្គអាចទទួលផលអាក្រក់ពីវាដែរឬទេ…?

យ៉ាងណាក៏ដោយ នាងខ្ញុំជឿជាក់ថាជំងឺដ៏ចង្រៃក្នុងប្រព័ន្ធផ្សព្វផ្សាយដូចបានបញ្ជាក់មកនេះ មិនមែនគ្មានថ្នាំព្យាបាលនោះទេ។ តើតួអង្គសំខាន់ៗណាខ្លះអាចដោះស្រាយបញ្ហានេះបាន? នាងខ្ញុំយល់ឃើញថាមានតួអង្គសំខាន់៤ៗដូចខាងក្រោម៖

ទីមួយ គឺសម្ដេចពុក និងជាពិសេសសម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត៖ នាងខ្ញុំគោរពជឿជាក់ថាលោកទាំងពីរពិតជាអាចបញ្ចប់បញ្ហានេះបាន តាមរយៈការផ្ដល់ឱវាទ ឬពាក្យដាស់តឿន និងការមានប្រសាសន៍ណែនាំ ដូចដែលលោកធ្លាប់ថ្លែងជាសាធារណៈ ឬតាមរយៈទំនាក់ទំនងផ្ទាល់ក៏ថាបាន។ នាងខ្ញុំបានតាមដានព័ត៌មានឃើញច្បាស់ថាសម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញបេសកម្មច្រើនណាស់ ដើម្បីបុព្វហេតុនៃសេចក្ដីសុខផ្លូវកាយ ផ្លូវចិត្ត សេចក្ដីថ្លៃថ្នូ កិត្តិយស និងសុភមង្គលនៃស្រ្តីខ្មែរ។ ចំណែកសម្ដេចពុកតេជោ សែន វិញ លោកគឺជាកំពូលថ្នាក់ដឹកនាំដ៏មានឥទ្ធិពល និងបង្កើតបានមោទកភាពជាតិជាច្រើនឥតគនា។ សម្ដេចពុកលោកបានធ្វើកិច្ចការច្រើនណាស់ដើម្បីលើកស្ទួយវិស័យសារព័ត៌មាន និងតម្លៃស្រ្តីខ្មែរ។ លោកក៏ធ្លាប់ណែនាំមិនឱ្យនារីរកស៊ីលក់ដូរផលិតផលតាមអនឡាញ កុំប្រើពាក្យសម្ដី កាយវិការ អាសអាភាសន៍ជ្រុលហួសហេតុពេកដែរ។ ដូច្នេះនាងខ្ញុំជឿជាក់ថាកិច្ចអន្តរាគមន៍របស់លោកទាំងពីរពិតជាមានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់បញ្ហាខាងលើនេះ។

ទីពីរគឺក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងចិត្រសិល្បៈ​៖ បើក្រសួងទាំងបីយកចិត្តទុកដាក់លើបញ្ហាខាងលើនេះ ប្រាកដណាស់ថាយើងមិនចាំបាច់រំខានដល់សម្ដេចទាំងទ្វេនោះឡើយ។ ប៉ុន្តែនាងខ្ញុំសង្កេតឃើញថាក្រសួងទាំងបីនេះ ហាក់ដូចជាបណ្ដែតបណ្ដោយជ្រុលពេកហើយ មើលរំលងហួសហេតុពេកហើយ ឬក៏អាចដែរថាមកពីប្រចាំគ្នាក៏ថាបាន។ ដល់តែបែបនេះពេកទៅ យើងក៏ឃើញថាទីបំផុត ការផ្សព្វផ្សាយដ៏អសីលធម៌ នៅតែបន្តកើតមានយ៉ាងសម្បើមដៃ ដោយគ្មានភិត គ្មានភ័យ គ្មានក្ដីព្រួយបារម្ភអ្វីទាំងអស់ នាំឱ្យសង្គមខ្មែរក៏ក្លាយជាសង្គមមួយស៊ាំទៅនឹងពាក្យអាសអាភាសន៍ ជាសង្គមចាត់ទុកការនិយាយវែកញែករឿងលើគ្រែថាជារឿងធម្មតា ចាត់ទុកការប្រើកាយវិការគ្មានសីលធម៌ថាជាទិដ្ឋភាពដ៏គួរឱ្យចង់មើលលេងកំសាន្ត…។ ដូច្នេះក្រសួងទាំងបី គួរតែភ្ញាក់អាត្មាស្រវាមើលតួនាទី ភារកិច្ច ច្បិចយកបញ្ហាមករួមគ្នាដោះស្រាយ ដើម្បីលាងជម្រះចោលនូវវប្បធម៌ដ៏អាក្រក់នេះ។

ទីបី គឺសាមីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នផ្សព្វផ្សាយដ៏អសីលធម៌នោះផ្ទាល់តែម្ដង៖ ម្នាក់ៗសុទ្ធតែជាធនធានមនុស្សមានចំណេះដឹងទោះកម្រិតណាក៏ដោយ ហើយថែមទាំងមានវោហារសព្ទទៀតផង ប៉ុន្តែមិនគួរណាជ្រុលខ្លួនក្លាយជាមេរោគបំផ្លាញសីលធម៌ជាតិឯងដូច្នេះសោះ។ បើម្នាក់ៗគិតថារឿងហ្នឹងជារឿងត្រឹមត្រូវ ចុះមានធ្លាប់សួរសាច់ញាតិខ្លួនដែរទេថាតើពួកគាត់យល់បែបណាចំពោះរបៀបធ្វើការងាររបស់យើងនេះ? ខ្ញុំជឿជាក់ថាក្នុងចំនួនប៉ុន្មានភាគរយមិនដឹងទេ តែមុខជាពួកគាត់មានភាពអាម៉ាស់ណាស់ហើយមើលទៅ ដែលមានកូន ក្មួយ ប្ដី ឬប្រពន្ធ ពិសេសតា ធ្វើការងារមួយដែលនាំអន្តរាយដល់សេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ។ ជារួម ទាល់តែសាមីថ្នាក់ដឹកនាំ និងសាមីបុគ្គលិកនៃស្ថាប័ន ចេះឆ្លុះកញ្ចក់មើលខ្លួនឯង ចេះយកសម្ដី និងការយល់ឃើញរបស់សាធារណជនមកធ្វើកញ្ចក់ ទើបអាចឆ្លុះឃើញបញ្ហាហើយនាំគ្នាកែលម្អ ងាកមកដើរលើផ្លូវដែលចម្រើនដល់វិស័យសារព័ត៌មាន និងសង្គមជាតិបាន។ ចុះបើមិនខ្ចីឆ្លុះ ឬឆ្លុះឃើញតែមិនខ្ចីកែ? ប្រាកដណាស់ ក្រសួងស្ថាប័នមានសមត្ថកិច្ចគួរប្រមូលយកអ្នកទាំងនេះទៅឆ្លុះឱ្យឃើញបញ្ហា ហើយចាត់ការតាមរបៀបចាប់ដូសក្អែល។

ទីបួន គឺពួកយើងទាំងអស់គ្នាដែលជាកោសិកានៃសង្គមនេះទាំងមូលតែម្ដង៖ ម្នាក់ៗក៏ជាប្រភពដែលនាំឱ្យមានបញ្ហា និងក៏ជាអ្នករួមចំណែកដោះស្រាយបញ្ហា។ អ្នកស្ដាប់ម្នាក់ៗ ឬអ្នកមើលម្នាក់ៗ ហាក់ដូចជាសន្មត់ថាជារឿងធម្មតាហើយដែលគេក៏មើល គេក៏ស្ដាប់ ឬថាស្ថាប័នហ្នឹងគេផ្សាយតែអ៊ីចឹង ចេះតែនាំគ្នាមើលលេងទៅ។ ម្នាក់ៗអាត្មានិយមណាស់! នាំគ្នាចូលមើល នាំគ្នាចូលស្ដាប់ដោយគិតថាជាការកំសាន្ត តែមិននាំគ្នាជួយឈឺឆ្អាលទេថាអ្វីដែលគេកំពុងនិយាយ កំពុងបង្ហាញមកនោះ ជារឿងមិនបានការទាល់តែសោះទាំងសម្រាប់ខ្លួនឯង និងថែមទាំងនាំឱ្យចង្រៃដល់សង្គមជាតិ ពិសេសការធ្លាក់ចុះខាងសីលធម៌។ យើងគួរតែនាំគ្នាធ្វើយុទ្ធនាការជាក្រុម ឬជាបុគ្គល ស្នើឱ្យថ្នាក់ដឹកនាំឬក្រសួងស្ថាប័ន យកចិត្តទុកដាក់បញ្ចប់បញ្ហានេះ។ យើងគួរតែនាំគ្នាឈប់មើល ឈប់ស្ដាប់ ឈប់​ឱ្យតម្លៃដល់ប្រព័ន្ធផ្សព្វផ្សាយរបៀបៗនេះ ហើយងាកទៅចូលរួមគាំទ្រប្រព័ន្ធផ្សព្វផ្សាយដែលផ្ដល់ផលប្រយោជន៍ដល់សង្គមយើងវិញ។

សរុបមក នាងខ្ញុំយល់ថាសង្គមខ្មែរយើង មិនត្រូវបណ្ដែតបណ្ដោយឱ្យមានប្រព័ន្ធផ្សព្វផ្សាយដែលមានកម្មវិធីបែបអសីលធម៌របៀបនេះទេ។ ប្រសិនបើនៅតែបណ្ដែតបណ្ដោយទៀត គុណតម្លៃខាងវប្បធម៌ និងសីលធម៌ក្នុងសង្គមខ្មែរ នឹងត្រូវបានបំផ្លាញបន្តិចម្ដងៗ ហើយនាំឱ្យការលើកតម្កើងខាងវប្បធម៌ និងសីលធម៌សង្គមមានត្រឹមតេជារូបភាពបែបពិធីការៗ ប៉ុន្តែខ្លឹមសារពិតបានធ្លាក់ដាំក្បាលចុះបន្តិចម្ដងៗដោយមិនដឹងខ្លួន។ នាងខ្ញុំក៏សង្ឃឹមថាអត្ថបទនេះ នឹងបានជ្រួតជ្រាបដល់ស្ថាប័ននោះដើម្បីមានការពិចារណាកែលម្អសកម្មភាពរបស់ខ្លួនឡើងវិញ។ និយាយតាមត្រង់ បើដកតែចំណុចអវិជ្ជមានដូចបានរៀបរាប់ខាងលើនេះតែបន្តិច ស្ថាប័ននោះនឹងកាន់តែទទួលបានការផ្ដល់តម្លៃពីគ្រប់មជ្ឍដ្ឋាន ព្រោះខ្លួនមានប្រជាប្រិយ៍ភាពស្រាប់ ហើយក៏ជាស្ថាប័នមានសមិទ្ធផលការងារល្អៗជាច្រើនក្នុងការរួមចំណែកជួយសង្គមជាតិដែរ…៕

ពីនាងខ្ញុំ រចនា និស្សិតសាលាច្បាប់ផ្នែករដ្ឋបាលសាធារណៈ

Share.