នៅយប់ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក បានបង្ហោះសារលាក្រុម Orlando City SC «B» ដូច្នេះថា៖«Gracias por todo Orlando មានន័យថា អរគុណសម្រាប់អ្វីគ្រប់យ៉ាង Orlando ទីក្រុងដែលផ្លាស់ប្តូរជីវិតខ្ញុំ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង, រីករាយសម្រាប់ជំហានបន្ទាប់»។

ខណ:សមាជិកនៅ​លីគ​កំពូលកម្ពុជា ជាច្រើនដូចជា បឹងកេត, វិសាខា, ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង ឬ ណាហ្គាវើល ត្រៀមស្វាគមន៍ និងកំពុងតែចង់​ចរចា​​ឃាត់​ទុក​កីឡាករ​រូប​នេះ​ឱ្យ​ប្រកប​អាជីព​នៅ​ស្រុក​កំណើត​ខាង​ម្តាយ ខ្លួន​ម្តង។

ក្នុង​វ័យ​២៤​ឆ្នាំ Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ ធ្លាប់​ជា​សមាជិក​ថ្នាល​យុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុន​ផ្លាស់​ទៅ​​ប្រកប​អាជីព​ជាមួយ​ក្រុម​ Orlando City B នៅ​ដើម​ឆ្នាំ ២០២២ ព្រម​ទាំង​បង្ហាញ​ខ្លួន​បាន​១៣១៤​នាទី ពោល​គឺ​២២​ប្រកួត​ពេញ​ក្នុង​ពានរង្វាន់ MLS NEXT PRO ពានរង្វាន់​លីគ​ទី៣ នៅ​សហរដ្ឋ​អាមេរិក។

គួរដឹងថាក្រោយ​ចប់​បេសកកម្ម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ ខ្សែប្រយុទ្ធ Nick Taylor កូន​កាត់​ខ្មែរ-អាមេរិក មិន​ទាន់​ត្រឡប់​ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​នៅ​ឡើយ​ ស្រប​ពេល​ដែល​គេ​ឃើញ​វត្តមាន​របស់​របស់​គេ​ជាមួយ​តារា​ចម្រៀង រ៉ាប៊ី កាល​ពី​ពេល​ថ្មីៗ។

កញ្ញារ៉ាប៊ី ដែល​មហាជន​ស្គាល់​នាង​តាម​រយៈ​បទ​ចម្រៀង​​ចង្វាក់​ញាក់​មួយ​ចំនួន​​ដូច​ជា បទ​​មាន់​ស្រែ, រហែក​តែខោ ជាដើម​នោះ​ បាន​បង្ហោះ​រូបភាព​និង​ខ្លឹមសារ​មួយ​ចំនួន​នៅ​លើ​​ទំព័រហ្វេសប៊ុក​របស់​នាង ដែល​ភ្ជាប់​ជាមួយ​រូបថត​របស់​កីឡាករ Nick Taylor អម​ដោយ​ពាក្យ៖«ប្រជុំ​ដោយ​កំពូល​មនុស្ស !​ ​មាន​នៅ​ក្នុងMV បទ​ថ្មី​របស់​នាង​ខ្ញុំ! Coming soon !»

ចំណែក​ខ្សែប្រយុទ្ធ Nick Taylor កូន​កាត់​ខ្មែរ-អាមេរិក ដែល​មាន​ម្តាយ​ជាជនជាតិខ្មែរ​ និង​ឪពុក​ជនជាតិ​អាមេរិក បាន​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ២លើក​ហើយ​ក្រោយ​មាន​ការ​កោះហៅ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដោយ​​ក្នុង​នោះ​បង្ហាញ​ខ្លួន​បាន​៣ប្រកួត រក​គ្រាប់​បាល់​បាន​១គ្រាប់ និង​ត្រូវ​ពិន័យ​កាត​លឿង​១សន្លឹក​ផង​ដែរ៕

Share.