ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសនាំចូលខ្សែប្រយុទ្ធប្រេស៊ីល Iago Bento Fernandes អតីតសមាជិករបស់អង្គរថាយហ្គឺរ ត្រៀមសម្រាប់លីគកំពូលកម្ពុជារដូវកាល ២០២៣-២៤។

កីឡាករ Iago Bento មានវ័យ ២៣ឆ្នាំ កម្ពស់ ១.៧ម៉ែត្រ សញ្ជាតិប្រេសុីល ធ្លាប់ជាយុវជនរបស់ក្លិប​ Atletico MG និង Coritiba FC នៃប្រទេសប្រេសុីល​ មុនមកកាន់ប្រទេសកម្ពុជាដោយចូលរួមជាមួយអង្គរថៃហ្គឺរ នៅឆ្នាំ ២០២១។

ក្រៅពីនេះព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសនាំចូលខ្សែការពារកណ្តាល ធារី ចន្ថាប៊ីន ដែលទើបចែកផ្លូវជាមួយវិសាខា ក្រោយរួមរស់នៅកីឡដ្ឋានព្រីនស៍ អស់រយ:ពេល២រដូវកាលមកនេះ។

កីឡាករកូនខ្មែរ-បារាំង បានចូលរួមជាមួយវិសាខា នៅដើមរដូវកាល២០២១ បន្ទាប់ពីលេងនៅលីគកំពូលម៉ាឡេស៊ី អស់រយ:ពេល៣ឆ្នាំ ពោលនៅ Terrenganu FA ២ឆ្នាំ និង Perak FA ១ឆ្នាំ។ រួមចំណែកជួយវិសាខា ឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន រដូវកាល ២០២១ និង២០២២។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជូនខ្សែប្រយុទ្ធ Marcus Haber និង ខ្សែការពារកណ្តាល Takashi Odawara ចំនួន១ឆ្នាំបន្ថែមទៀត គឺសម្រាប់រដូវកាល ២០២៣-២០២៤ នេះ។

Marcus Haber ខ្សែប្រយុទ្ធជនជាតិកាណាដា គឺជាកីឡាករសំខាន់របស់លោក Conor Nestor នៅលីគកំពូលកម្ពុជា កាលពីរដូវកាល ២០២២ បន្ទាប់ពីស៊ុត​បញ្ចូល​ទី​សរុបចំនួន​២៥​គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៧ប្រកួត ព្រមទាំងក្រសោបបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯង ក្នុងកម្មវិធី CPL FOOTBALL AWARD 2022។

ដោយឡែក​ខ្សែ​ការពារ Takashi Odawara ខ្សែការពារជនជាតិជប៉ុន ធ្លាប់​ប្រកប​អាជីព​ទាំង​នៅ​លីគ​កំពូល​ប្រទេស​ហ្វីលីពីន និង​ម៉ាល់ឌីវ ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីរដូវ​កាល​មុន​ ដោយ​បង្ហាញខ្លួន ២៣លើក និង​ស៊ុតទាត់​បញ្ចូល​ទី​បាន ១គ្រាប់។ខណ:រូបគេ​ក៏​រួមចំណែក​ការពារ​សំណាញ់​ទី​មិន​ឲ្យ​របូត​ច្រើន​ប្រកួត​ដូចគ្នា​ផង​ដែរ ក្នុងនាមជាខ្សែការពារកណ្តាល។

ជាពិសេសកីឡាករចំណូលថ្មីចំនួន៤រូបបន្ថែមទៀត គឺអ្នកចាំទី វីរៈ ដារ៉ា ពីវិសាខា, ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ពី Tiffy Army, ខ្សែបម្រើ គួច ដានី ផ្លាស់ពីណាហ្គាវើលដ៍ និង ខ្សែការពារស្លាប សេត រ៉ស៊ីប ពីបឹងកេត ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់នានានៅឆ្នាំ ២០២៣ នេះ៕

Share.