យោងតាមការចុះផ្សាយរបស់ Daily-Mail បានឲ្យដឹងថាក្លិបបាល់ទាត់សេះបង្គង់ Juventus ត្រូវសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) កាត់អស់១៥ពិន្ទុ នៅក្នុងក្របខណ្ឌ Serie A ក្រោយស៊ើបអង្កេតរកឃើញថា ផ្តល់ទិន្នន័យក្លែងក្លាយជុំវិញថ្លៃចំណាយទីផ្សារដោះដូរកីឡាករ និងបញ្ហាហិរញ្ញវត្ថុផ្ទៃក្នុងរបស់ក្លិបមានភាពមិនប្រក្រតី។

ក្រៅពីនេះសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី ក៏បានពិន័យទៅបុគ្គលពាក់ពន្ធ័ដែលមានដូចខាងក្រោមនេះ៖
-លោក Fabio Paratici បច្ចុប្បន្នជានាយកផ្នែកកីឡាកររបស់ Tottenham Hotspur ត្រូវពិន័យមិនឲ្យពាក់ពន្ធ័បាល់ទាត់រយ:ពេលពីរឆ្នាំកន្លះ។
-អតីតប្រធានក្លិប Juventus លោក Andrea Agnelli ត្រូវពិន័យមិនឲ្យពាក់ពន្ធ័បាល់ទាត់រយ:ពេលពីរឆ្នាំកន្លះ
-នាយកប្រតិបត្តិរបស់ក្លិប Juventus លោក Maurizio Arrivabene ត្រូវពិន័យមិនឲ្យពាក់ពន្ធ័បាល់ទាត់រយ:ពេលពីរឆ្នាំកន្លះ
-អតីតអនុប្រធានក្លិប Juventus លោក Pavel Nedved ត្រូវពិន័យមិនឲ្យពាក់ពន្ធ័បាល់ទាត់រយ:ពេលប្រាំបីខែ។

បច្ចុប្បន្ន Juventus បាន​និយាយ​ថា ខ្លួន​នឹង​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សាភិបាល​ធានា​កីឡា​របស់​ប្រទេស​នេះ នៅ​ពេល​ដែល​ហេតុផល នៃ​សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស។ ខណ:ក្លិបក៏បានអះអាងថា ការសម្រេចដាក់ទណ្ឌកម្មនេះគឺជារឿងអយុត្តិធម៌មួយសម្រាប់អ្នកនាំក្រុមសេះបង្កង់រាប់លាននាក់នៅជុំវិញពិភពលោក។

ក្រោយកាត់អស់១៥ពិន្ទុ ពេលនេះ​ក្រុម​រហស្សនាម​សេះបង្កង់ Juventus ​ធ្លាក់​មក​លេខ​រៀង​ទី​១០ ក្នុង​តារាង Serie A ពីការលេខ​១៨​ប្រកួត ឈ្នះ​១១ ស្មើ ៤ និង​ចាញ់​៣ នៅសល់តែ​២២​ពិន្ទុ​ប៉ុណ្ណោះ​។

បើយើងក្រឡេកទៅមើលអតីតកាលវិញ រដូវកាល ២០០៥-០៦ នៅលីគកំពូលអ៊ីតាលី មានរឿងអាស្រូវមួយដែលធ្វើឱ្យរញ្ជួយពិភពបាល់ទាត់នៅអ៊ីតាលី ដែលគេឱ្យឈ្មោះថា Calciopoli ។ គឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៦ គឺក្រោយពេលឈ្នះពាន Scudetto បានប្រហែលជា២ខែ ក្លិប Juventus ត្រូវគេសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) សម្រេចទម្លាក់ឱ្យទៅលេងក្របខណ្ឌ Serie B ជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ពុំមែនដោយសារទម្រង់លេងអន់ តែដោយសារ FIGC ស៊ើបអង្កេតឃើញថា ក្លិបនេះមានពាក់ព័ន្ធនឹងរឿងអាស្រូវ Calciopoli ។

នៅក្នុងរឿងអាស្រូវ Calciopoli នេះ ក្រុមមួយចំនួនទៀតដូចជា AC Milan, Fiorentina, Reggina និង Lazio ក៏ជាប់ពាក់ព័ន្ធដែរ ទោសទណ្ឌដែលក្រុមទាំងនេះទទួល គឺស្រាលជាងទោសទណ្ឌដែល Juventus ទទួល៕

Share.