Andy Lau ឬ​ លីវ តឺហួរ គឺ​ជា​តារា​ចម្រៀង​ និង​ តារា​សម្ដែង​ហុង​កុង​ដ៏​ល្បីល្បាញ​បំផុត​មួយ​រូប​ បើ​យោង​តាម​គេហទំព័រ​ imdb ដែល​ជា​វែបសាយ​ផ្ដោត​លើ​ភាព​យន្ត​​ដ៏​ធំ​មួយ​​នោះ​ តារា​រូប​នេះ​មាន​សមិទ្ធិផល​រឿង​ជិត​១៧០​រឿង​។ ក្នុង​ចំណោម​រឿង​ដែល​តារា​នេះ​សម្ដែង​ ប្រិយមិត្ត​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ មាន​ភាពយន្ត​ចំនួន​ ៥​រឿង​ ដែល​តារា​រូប​នេះ​សម្ដែង​ហើយ​ត្រូវ​បាន​ចាត់​ចូល​​ថា​ជា​ភាព​យន្ត​ដែល​អន់​បំផុត​។ ខាង​ក្រោម​នេះ​គឺ​ជា​ភាពយន្ត​អន់​បំផុត​​ចំនួន​៥​ នៅ​ក្នុង​ជីវិត​របស់​ លីវ តឺហួរ​ ៖

១. Switch
ភាពយន្ត​​វាយ​ប្រហារ​បែប​ទាត់ធាក់​ ដែល​អ្នក​ផលិត​ចង់​ធ្វើ​ឱ្យ​ធំដុំ​និង​លេច​ធ្លោរ​ដូច​ជា​ភាពយន្ត​ James Bond តែ​ជា​លទ្ធផល​ចេញ​មក​ ខុស​ពី​ការ​រំពឹង​យ៉ាង​ខ្លាំង​ ព្រោះ​​បាន​ទទួល​ពិន្ទុ​ត្រឹម​ ៣​ ក្នុង​ចំណោម​ពិន្ទុ​ពេញ​ ១០​។ ទោះ​ជា​រឿង​នេះ​ត្រូវ​បាន​អ្នក​វិភាគ​និង​ហ្វេន​រិះគន់​ខ្លាំង​ ហើយ​ចាត់​​ចូល​ជា​ភាពយន្ត​ដែល​អន់​បំផុត​ក្នុង​ជីវិត​តារា​រូប​នេះ​ តែ​​សមី​ខ្លួន​មិន​បាន​ខូច​ចិត្ត​នោះ​ទេ​ ព្រោះ​យ៉ាង​ហោច​ណាស់​រឿង​នេះ​អាច​រក​​​ប្រាក់​កម្រៃ​បាន ​មិន​ខាត​ដើម​ទុន​។​

២. Mission Milano
ភាពយន្ត​កំប្លែង​លាយ​ផ្សង​គ្រោះ​ថ្នាក់​ ដែល​ប្រើ​ដើម​ទុន​ច្រើន​ទៅ​ថត​ដល់​ក្រៅ​ប្រទេស​ ​ទេស​ភាព​ស្អាត​ៗ តុបតែង​ខ្លួន​ដោយ​សំលៀកបំពាក់​ឡូយ​ឆាយ​ តែ​ចុង​ក្រោយ​សាច់រឿង​ខ្សោយ​ គ្មាន​ចំណុច​ទាក់ចិត្ត​អ្នក​ទស្សនា​ ទីបំផុត​រឿង​នេះ​ទទួល​បាន​ពិន្ទុ​ត្រឹម​ ៣.៣ ​ក្នុង​​ចំណោម​​ពិន្ទុ​ពេញ​១០​។


៣. Future X Cops
ភាពយន្ត​នេះ​ពេល​ចេញ​​ឃោសនា​ដំបូង​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ មើល​ទៅ​ប្រៀប​ដូច​ជា Iron Man របស់​ប្រទេស​ចិន​ដី​គោក​ តែ​ពេល​បញ្ចេញ​វីដេអូ​ខ្លី​រឿង​នេះ​ អ្នក​ទស្សនា​ចាប់​ផ្ដើម​មាន​ជា​មតិ​រិះគន់​​​ថា​រឿង​នេះ​ មើល​ទៅ​ដូច​សម្ល​ចាប់​ឆាយ​ គ្មានអ្វី​ជា​សាច់​រឿង​រួម​មួយ​ ប្រៀប​ដូច​ជា​យក​រឿង​ច្រើន​មក​ផ្សំ​បញ្ចូល​គ្នា​។

៤. From Vegas To Macau3
ភាពយន្ត​នេះ​គ្រាន់​តែ​ឃើញ​ឈ្មោះ​​តួ​សម្ដែង​អ្នក​គាំទ្រ​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ព្រោះ​មាន​ទាំង​ លីវ​ តឺ​ហួរ មាន​ទាំង​ ចូវ យ៉ុនហ្វា ដែល​ជា​តួ​សម្ដែង​ល្បី​ពីរ​រូប​របស់​ហុងកុង​មក​ជួប​សម្ដែង​ជាមួយ​គ្នា​ម្ដង​ទៀត​ ប៉ុន្តែ​ពេល​ទស្សនា​អ្នក​គាំទ្រ​បង្ហាញ​ការ​ខក​ចិត្ត​ ព្រោះ​សាច់​រឿង​បែរ​ជា​ផ្ដោត​លើ​ឈុត​កំប្លែង​ជា​ជាង​ឈុត​វាយតប់​ទៅ​វិញ​ ទី​បំផុត​លទ្ធផល​ដែល​ទទួល​បាន​ក្រៅ​ពី​ការ​រិះគន់​របស់​អ្នក​ទស្សនា​ហើយ​នោះ​ ពិន្ទុ​ដែល​ទទួល​បាន​ពី​វែប​សាយ​ចាត់​លំដាប់​ថ្នាក់​រឿង​បាន​ត្រឹម​តែ​ ៤.៣ ប៉ុណ្ណោះ​។

៥. The Great Wall

ភាពយន្ត​​នេះ​អាច​ចាត់​ទុក​ថា​ជា​ភាពយន្ត​លំដាប់​ហូលីវូដ​ ដែល​មិនត្រឹម​តែ​មាន​ លីវ តឺហួរ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​តារា​បរទេស​ Tony Gilroy មក​ជួយ​សរសេរ​សេណារីយ៉ូ​ឱ្យ​ ប៉ុន្តែ​ភាពយន្ត​សត្វ​ចម្លែក​រឿង​នេះ​បែរ​ជា​ចេញ​មក​អន់​ ក្លាយ​ជា​ភាពយន្ត​អន់ថយ​ ដែល​​បាន​​ទទួល​​ពិន្ទុ​ ខ្ពស់​បំផុត​ត្រឹម ៤.៩ ៕​

Telegram-Troryorng
Share.