សិល្បៈ​ជាតិ​៖ ស៊ីន យូប៊ីន​ នៅ​តែ​ខ្លាំង​និង​លេច​ធ្លោ​មិន​ថា​ចុង​ឆ្នាំ​២០២២​ ឬ​ដើម​ឆ្នាំ​២០២៣​ ​ព្រោះ​ចុង​ឆ្នាំ​២០២២ កញ្ញា​​ និង​ដៃ​គូ​យល់ចិត្ត​​ទាំង​ក្នុង​ការ​សម្ដែង​និង​ក្រៅ​ឆាក​ ​ខាត់​ វ៉ៃហាំង ​បាន​បណ្ដើរ​គ្នា​ត្រសង​ទៅ​ទទួល​ពាន​រង្វាន់​ចំនួន​៥​ ពី​ប្រទេស​ថៃ​និង​ប្រទេស​កូរ៉េ​ ខណៈ​នៅ​ដើម​ឆ្នាំ​២០២៣​ កញ្ញា​ក្ដាប់​បាន​​ឱកាស​ធំមួយ​ទៀត​គឺ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​ Dior និង​ជួប​ជាមួយ​នឹង​សមាជិក​ Blackpink’s Jisoo ផង​ដែរ​។

យោង​តាម​រយៈ​ផេក​ ខ្សែភាពយន្ដខ្មែរ តារាខ្មែរ បាន​បង្ហោះ​ចែក​រំលែក​ដំណឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ​នេះ​​​បាន​ឱ្យ​ដឹង​ថា​​តួ​​ឯក​ស្រី​ពី​ភាពយន្ត​ លួចស្នេហ៍​គូដណ្ដឹង នឹង​មាន​​វត្តមាន​កិត្តិយស​នៅ​ក្នុង​កម្មវិធី​ Dior FW មិន​តែ​ប៉ុណ្ណោះ​កញ្ញា​យើង​ក៏​នឹង​មាន​ឱកាស​ជួប​ Kim Jisoo (Blackpink) ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុម​ហ៊ុន​ Dior ក៏​ដូច​ជា​តារា​ល្បីៗ​ជា​ច្រើន​ដួង​ទៀត​ផង​ដែរ​។

«​ចូលរួម​អបអរ​តារាស​ម្ដែង​ខ្មែរ​«សុីនយ៊ូប៊ីន» ​ដែល​បាន​ចូលរួម​កម្មវិធី​ ​Dior FW ​ហើយ​ក៏​បាន​ជួប​កញ្ញា​ ​Kim​ Jisoo ​ជា​តារា​ស្រី​កូរ៉េ​ដ៏​ល្បី​កក្រើក​ទូទាំង​ពិភពលោក​​ហើយ​ក៏​ជា​ទូតសុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​ ​Dior​ ​ផ្ទាល់​ ​និង​ជួប​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​🥳💖​*****​យ៉ាង​ណា​ចូលរួម​អបអរ​ដល់​យ៊ូប៊ីន​ ​ជា​តារា​ក្នុង​ស្រុក​លើក​ដំបូង​បង្អស់​ដែល​បាន​ចូលរួម​កម្មវីធី​ដ៏​ធំ​១​នេះ​😭💖🇰🇭 ​Shin Yubin​។»

ថ្វី​ត្បិត​ យូប៊ីន​​គឺជាតារា​ទីមួយ​ដែលបាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ធំលំដាប់​អន្តរជាតិមួយ​នេះ​​ ប៉ុន្តែ​កន្លង​មក​ស្ត្រី​ខ្មែរ​ដ៏​លេច​ធ្លោ​មួយ​រូបទៀត​គឺ​លោក​ជំទាវ យឹម​ ឆៃលីន ហ៊ុន​ ម៉ានី លោក​ជំទាវ​​​ធ្លាប់​បាន​បង្ហាញ​វត្តមាន​យ៉ាង​កក្រើក​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន​តប​ការ​អញ្ជើញ​របស់​អ្នក​រៀប​ចំ​ដូច​ជា​ «Cannes Film Festival» ឆ្នាំ២០១៩ នៅប្រទេសបារាំង និង​​ Paris Fashion Week ​ដែល​បាន​រៀបចំ​ឡើងនៅ​ប្រទេស​បារាំង​ដូច​គ្នា​​ ចាប់​ពី​ថ្ងៃ​អង្គារ​ ទី​២៨ ខែ​កញ្ញា​ រហូត​ដល់​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​កាល​ណោះ​​​កញ្ញា​ Jisoo ក៏​មាន​វត្តមាន​ចូលរួម​ផង​ដែរ។

ដំណឹង​​នៃ​វត្តមាន​ ស៊ីន ​យូប៊ីន​ក្នុង​កម្មវិធី​កម្រិត​អន្តរជាតិ​នេះ​អាច​ចាត់​ទុក​ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​សិល្បៈជាតិ​ ព្រោះ​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​តារា​កម្ពុជា​​​ច្រើន​រូប​ហើយ​ កំពុង​ត្រូវ​បាន​បរទេស​​ទទួល​ស្គាល់​និង​មាន​ការ​ចាប់​អារម្មណ៍​​ជាពិសេស​ ​ដោយ​សារ​យើង​មើល​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​​វត្តមាន​តារា​របស់​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជា​កិត្តិយស និង​ទទួល​បាន​ពាន​រង្វាន់​ផ្សេង​ៗ​ពី​​ក្នុង​កម្មវិធី​​ដូច​ជា​កញ្ញា​ ស៊ីន យូប៊ីន និង​លោក​ ខាត់ វ៉ៃហាំង​ទើប​តែ​ទទួល​បាន​កាល​ពី​ចុង​ឆ្នាំ​២០២២៕

Share.