សិល្បៈ​អន្តរជាតិ​៖ តារា​ម៉ូដែល​ Jeremy Reuhlemann បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​មក​ទល់​នឹង​ថ្ងៃ​នេះ​នៅ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណាមួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​តារា​វ័យ​២៧​ឆ្នាំ​រូប​នេះ​នៅ​ឡើយ​ ចំណែក​ឯ​ដំណឹង​នៃ​ការ​ស្លាប់​នេះ​ត្រូវ​បាន​មិត្ត​ភក្ដិ​ជិត​ស្និទ្ធិឈ្មោះ Gianni Simpson ​ទម្លាយ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

បុរស​​ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​ New Jersey រូប​នេះ​កាល​នៅ​រស់​លោក​បាន​ចាប់​អាជីព​ជា​តារា​ម៉ូដែល​ហើយ​ជា​តារា​ម៉ូដែល​ឈាន​មុខ​គេ​ បន្ទាប់​ពី​លោក​បាន​បោះ​បង់​ចោល​ការ​សិក្សា​ជំនាញ​ផ្លូវចិត្ត​កាល​ពី​ឆ្នាំ ២០១៧​ ​ហើយ​ងាក​​មក​តាម​ចាប់​ក្ដី​សុបិន​ធ្វើ​ជា​តារា​ម៉ូដែលអាជីព។ បន្ទាប់​ពី​នោះ​គេ​បាន​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​លេច​ធ្លោ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ ដោយ​ទទួល​បាន​ឱកាស​បង្ហាញ​ម៉ូដ​ឱ្យ​ Brand ល្បីៗ​ជា​ច្រើន​ដូច​ជា​ Christian Siriano, John Varvatos, Joseph Abboud, Superdry, Marcy’s Zar,Nick Graham និង​ Aterlier Cillian ជា​ដើម​។

ក្រៅ​ពី​នេះ​ Jeremy ក៏​បាន​ក្លាយ​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន​ដូច​ជា​ Soul Artist Management, Next Model London, Miami, Core Hamburg,IMM និង​ Mgmt នៅ​ស៊ីដនី​ផង​ដែរ។

មនុស្ស​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​បាន​ចេញ​មក​សម្ដែង​អារម្មណ៍​សោកស្ដាយ​និង​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​មនុស្ស​ដ៏​មាន​សមត្ថភាព​ដូច​ជា​ Jeremy នៅ​លើ​បណ្ដាញ​សង្គម​។ មិន​ត្រឹម​តែ​មនុស្ស​ក្នុង​វិស័យ​ជាមួយ​គ្នា​នោះ​ឡើយ​ដែល​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​រូប​លោក​ មិត្ត​ភក្ដិ​ និង​អ្នក​ដែល​ស្គាល់​​បុរស​វ័យ​ក្មេង​រូប​នេះ​​ទាំង​អស់​ ​ក៏​បាន​ចេញ​មក​សម្ដែង​អារម្មណ៍​កើត​ទុក្ខ​ដូច​គ្នា​ដែរ​ ក្នុង​នោះ​មាន​ដូច​ជា​ Andy Hilfiger, Uzo Adoba, Bruce Pask, Lexi Wood, Cory Bond និង​ Andrew Werner។

សារ​ចុង​ក្រោយ​ដែល​គេ​បាន​បង្ហោះ​គឺ​ «ស្រលាញ់​គ្រួសារ​អ្នក​ ឱ្យ​ច្រើន​ដូច​ដែល​ពួក​គេ​ទាំង​អស់​ស្រលាញ់​អ្នក​»។ មិត្ត​សម្លាញ់​បាន​ចាត់​ទុក​ Jeremy គឺជា​បុរស​ដ៏​សង្ហា​ម្នាក់​ដែល​បាន​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​លោក​បាន​ជួប​ដោយ​គ្មាន​លក្ខខ័ណ្ឌ។

ប្រសិន​បើ​មាន​ដំណឹង​អ្វី​ថ្មីទាក់ទង​ទៅ​នឹង​មូលហេតុ​ស្លាប់​របស់​តារា​រូប​នេះ​សារព័ត៌មាន​ត្រយង​នឹង​លើក​យក​មក​ជំរាប​ជូន​ជា​បន្ត​ទៀត​៕

ប្រភព៖ footwearnews, nypost

Share.