ខ្ញុំបាទជាគ្រូកីឡាម្នាក់ក្នុងខេត្តបន្ទាយមានជ័យ ខ្ញុំក៏ប្រហែលជាដូចបងប្អូនជនរួមជាតិយើងដែរ ពិសេសយុវជន និងក្នុងនាមជាគ្រូកីឡាម្នាក់ ពិតជាមានមោទកភាពណាស់ដែលនៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាយើងបានទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម។ ខ្ញុំពិតជាគាំទ្រពេញទំហឹងចំពោះយុទ្ធនាការរាប់ថយក្រោយដើម្បីឆ្ពោះទៅស៊ីហ្គេមដែលត្រូវបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​។ ខ្ញុំក៏ដូចជាអ្នកស្គាល់គ្នាលើហ្វេសប៊ុក ពួកយើងដាក់រូបភាពប្រូហ្វាល់ហ្វេសប៊ុកដោយភ្ជាប់នឹងព្រឹត្តិការណ៍នេះផងដែរ។

យប់មិញ ខ្ញុំបានទស្សនាវីដេអូដែលសម្ដេចតេជោមានប្រសាសន៍អំពីយុទ្ធនាការរាប់ថយក្រោយ និងសាវតាដែលកន្លងមកប្រទេសយើង បើទោះជាដល់វេនត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែបានខកខានម្ដងហើយម្ដងទៀតដោយសារសង្គ្រាម និងភាពក្រីក្រដែលយើងមិនមានហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការប្រកួតព្រឹត្តិការណ៍កីឡានេះបានដូចគេ។ ខ្ញុំពិតជានឹកអាណិតមាតុភូមិយើង ហើយពិតជាមានសេចក្ដីរំភើបក្ដុកក្ដួលណាស់ដែលទីបំផុតព្រឹត្តិការណ៍ដែលយើងធ្លាប់តែបើកទូរទស្សន៍មើលកីឡាករយើងចូលរួមប្រកួតនៅប្រទេសគេនោះ ឥឡូវត្រៀមកើតឡើងនៅប្រទេសយើងហើយ។

ដោយសារតែអាជីពជាគ្រូ និងជាគ្រូកីឡាផង ខ្ញុំក៏ស្រាប់តែនឹកឃើញគំនិតមួយថាចាប់ពីពេលនេះតទៅ នៅតាមសាលារៀនរដ្ឋ និងឯកជន ពិសេសសាលារៀនពីថ្នាក់តូចដល់វិទ្យាល័យឬទី១២ បើលោកគ្រូ អ្នកគ្រូយើងជួយចំណាយពេល១នាទីរៀងរាល់ព្រឹកដើម្បីនិយាយអំពីរឿង«ស៊ីហ្គេម»ប្រាប់សិស្ស យើងនឹងបានរួមចំណែកផ្សព្វផ្សាយព្រឹត្តិការណ៍នេះដែរ។ បន្ទាប់ពីសិស្សបានដឹងខ្លះៗអំពីស៊ីហ្គេម ពួកគេក៏អាចយកទៅនិយាយប្រាប់ឪពុកម្ដាយ ឬក្រុមគ្រួសារនៅផ្ទះបានដែរ ឧទាហរណ៍ គិតត្រឹមថ្ងៃនេះ សល់ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃស៊ីហ្គេមជាដើម។

បើអាចស្នើសុំលោកគ្រូ អ្នកគ្រូ ជួយណែនាំសិស្សឱ្យដឹងអំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អាស្រ័យទៅតាមកម្រិតថ្នាក់សិក្សារបស់សិស្ស ហើយតាមរយៈការរួមចំណែកនេះ ក៏អាចជួយឱ្យគ្រូខ្លួនឯងដឹងអំពីស៊ីហ្គេមកាន់តែច្រើនដែរ។ តើស៊ីហ្គេមមានប៉ុន្មានឆ្នាំម្ដង? មានប្រទេសណាខ្លះចូលរួម? ស៊ីហ្គេមនៅកម្ពុជាមានកីឡាប៉ុន្មានប្រភេទចូលរួម? តើកន្លែងណាខ្លះដែលគេត្រូវប្រកួតកីឡាទាំងនោះ? តើមេដាយមាស ប្រាក់ និងសំរិទ្ធមានអត្ថន័យបែបណា? តើកម្ពុជាមានកីឡាប្រភេទអ្វីអាចសង្ឃឹមបានមេដាយ និងថាតើព្រឹត្តិការណ៍នេះជួយលើកមុខមាត់កម្ពុជាយើងដូចម្ដេចខ្លះ?

ខ្ញុំសូមអរគុណសារព័ត៌មានត្រយងទុកជាមុនសម្រាប់ការជួយចុះផ្សាយអត្ថបទនេះ បើមានកំហុសឆ្គងខ្ញុំសូមអភ័យទោសផង

ពីខ្ញុំ មនោរម្យ គ្រូកីឡា

Share.