​កាល​ពី​យប់​មិញ​នេះ (២៣ មិថុនា ២០២១) ​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​លើ​បណ្ដាញ​សង្គម​​ លោក អេដវី​ន ត្រូវ​បានចាប់​​​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ឃាំង​ជា​​បណ្ដោះ​អាសន្ន​​នៅ​ពន្ធ​នាគារ​ព្រៃ​ស។ មាន​មតិ​​មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ជា​ចម្ងល់​ថា​ ហេតុ​អ្វី​នៅ​​​ចាប់​ឃុំ​ខ្លួន​តារា​សម្ដែង ​អេដ​វីន​នៅ​​ពន្ធនាគារ​ព្រៃ​ស ព្រោះ​ដៃ​គូ​ស្នេហ៍​របស់​លោក​ អ្នក​នាង​​សុទ្ធ​ បញ្ចកា​ បាន​ដក​ពាក្យ​បណ្ដឹង​ និង​ មិន​​​ទាមទារ​សំណង​អ្វី​ទាំង​អស់​ហើយ​នោះ​​?

ជាការ​ពិត​ណាស់​មុន​នឹង​ពន្យល់​ទៅ​លើ​រឿងរ៉ាវ​ខាង​លើ​នេះ​ ​សូម​រៀបរាប់​ដំណើរ​ដើម​ទង​នៃ​សាច់​រឿង​ដែល​បង្ក​​​ឱ្យ​មាន​ជម្លោះ​​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដោយ​យោង​ទៅ​តាម ពាក្យ​បណ្ដឹង​របស់​អ្នក​នាង​ សុទ្ធ​ បញ្ចកា ដែល​បាន​ចូល​ដាក់​ពាក្យ​បណ្ដឹង​នៅ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២១​ ដោយ​សង្ខេប​ខ្លី​៖

«​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ជា​និស្សិត​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​កាល​ពី​ឆ្នាំ​២០១៤ លុះ​ចូល​​ឆ្នាំ​២០១៥​ បាន​រៀបការ​ជាមួយ​នឹង​បុរស​ម្នាក់​ ហើយ​មាន​កូន​រួម​គ្នា​ពីរ​នាក់​ តែ​នៅ​ឆ្នាំ​២០១៨​ ដោយ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​ អ្នក​នាង​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​ ដោយ​ចែក​កូន​ស្រី​ម្នាក់​មួយ​។ ឈាន​ចូល​ឆ្នាំ​២០១៩ អ្នក​នាង​បាន​ស្គាល់​ និង​ស្រលាញ់​គ្នា​ជាមួយ​លោក​ អេដវីន ព្រម​ទាំង​បាន​រួមរស់​ជាមួយ​គ្នា​ប្រៀប​ដូច​​ប្ដី​ប្រពន្ធ​នៅ​ផ្ទះ​ខាង​ប្រុស​។ ចាប់​តាំង​ពី​​មាន​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ច្រើន​តែ​រកាំរកូស​និង​​ប្រើ​ហិង្សា​សរុប​មាន​​​ចំនួន ​៧​លើក។​ នៅ​ឆ្នាំ​២០២១​ ថ្ងៃ​ទី​១​ ខែ​មិថុនា​ អ្នក​នាង​ និង​លោក​ អេដវីន​ បាន​ចែក​ផ្លូវ​គ្នា​ដើរ​ លែង​រួមរស់​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ តែ​មក​ដល់​ថ្ងៃ​ទី​១៥ វេលា​ម៉ោង​៤​ និង​១០​នាទីទាប​ភ្លឺ​ អ្នក​នាង​បាន​ត្រលប់​​មកពី​ផឹកស៊ី​ហូបចុក​ជាមួយ​មិត្ត​ភក្ដិ​ ដោយ​បាន​ពឹង​មិត្ត​​ភក្តិ​ឈ្មោះ​ ហ៊ាង​ រតនា ​ឱ្យ​ជូន​​មក​ផ្ទះ។ ពេល​មក​ដល់​ផ្ទះ​ដោយ​ស្រវឹង​ស្រា​ខ្លាំង​ អ្នក​នាង​បាន​ចូល​សំរាក​មួយ​សន្ទុះ​ តែ​ពេល​ភ្ញាក់​ឡើង​វិញ​ក៏​ឃើញ​ រតនា​ និង​ អេដវីន កំពុង​វាយ​គ្នា​ ហើយ​ អេដវីន បាន​អុកឡុក​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​​ដែល​ជា​កម្មសិទ្ធិ​ម្ដាយ​បង្កើត​អ្នក​នាង​នៅ​បុរី​ពិភព​ថ្មី​ឈូកវ៉ា​២​។​»​

សូម​សង្ខេប​​បណ្ដឹង​ខាង​លើ​តែ​ត្រឹម​នេះ​ ងាក​មក​លោក​ យិត មាសឧស្សាហ៍​ ហៅ​ អេដវីន​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២១​ ​សមត្ថកិច្ច​ជំនាញ​នៃ​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ បាន​ធ្វើ​ការ​​ចាប់​ឃាត់​ខ្លួន​លោក ​អេដវីន​ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នេះ​អ្នក​នាង​ សុទ្ធ​ បញ្ចកា ​បាន​ប្ដូរ​ចិត្ត​ ហើយ​សុំ​ដក​ពាក្យ​បណ្ដឹង​ លោក​ អេដវីន ដោយ​មិន​មាន​ទាមទារ​សំណង​អ្វី​ទាំង​អស់​។ យ៉ាង​ណា​មិញ​ អេដវីន​ នៅ​ជាប​់​បណ្ដឹង​ម្ដាយ​អ្នក​នាង​ សុទ្ធ បញ្ចកា​​ ពី​បទ​បំផ្លុិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បណ្ដឹង​របស់​ឈ្មោះ​ ហ៊ាង​ រតនា​ ពី​បទ​បង្ករបួស​ស្នាម​ ដូច្នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ឈ្មោះ​ អេដវីន​ ទៅកាន់​តុលាការ​ដើម្បី​ផន្ទាទោស​។​

​​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ​បាន​ព្យាយាម​ដក​ពាក្យ​ប្ដឹង​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ហេតុ​អ្វី​ លោក​ អេដវីន​ នៅ​តែ​​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធ​នាគារ​ព្រៃ​ស​?​​ ចម្ងល​់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ​សូម​ស្រាយ​បំភ្លឺ​ និង ​​ពន្យល់​តាម​​​ច្បាប់​ដូច​ខាង​ក្រោម​នេះ​៖

«​ក្នុង​ករណី​​​លោក​ អេដវីន​ បាន​ប្រើ​ហិង្សា​លើ​​គូស្នេហ៍​​ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ បង្ករបួស​ស្នាម​នេះ​ ភាគី​រង​គ្រោះ​មិនមែន​ជា​ម្ចាស់​បណ្ដឹង​ព្រហ្មទណ្ឌ ឬ​ ជា​ម្ចាស់​បណ្ដឹង​អាជ្ញា​នោះ​ទេ​ ​គឺ​​គ្រាន់​តែ​ជា​ម្ចាស់​បណ្ដឹង​រដ្ឋ​ប្បវេណី​ ដែល​ជា​ម្ចាស់​បណ្ដឹង​ទាមទារ​នូវ​សំណង​​ជួសជុល​ការ​ខូចខាត និង​សង​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ហើយ​ភាគ​ី​ខាង​លើ​នេះ​ត្រូ​វបាន​ចាត់​ទុក​ថា​ជា​អ្នក​មក​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ថា​មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មួយ​បាន​កើត​ឡើង។ ​ក្នុង​នោះ​ដែរ​ជា​គោល​ការណ៍​របស់​ព្រហ្ម​ទណ្ឌ​ បណ្ដឹង​អាជ្ញា​ឬ​បណ្ដឹង​ព្រហ្មទណ្ឌ ​​​គឺ​មាន​ស្ថាប័នអយ្យការ​ មាន​ព្រះរាជអាជ្ញា ព្រះរាជ​អ​ាជ្ញា​រង​ ជា​ម្ចាស់​បណ្ដឹង ជា​អ្នក​សម្រេច​ចោទ​ប្រកាន់​​ ឬ​បញ្ជា​ឱ្យ​នគរ​បាល​យុត្តិធម៌​កសាង​សំណុំ​រឿង​។ ងាក​មក​វិញ​ហេតុ​អ្វី​បានជា​ជន​រងគ្រោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ជា​ម្ចាស់​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​? មូលហេតុ​ព្រោះ​បើសិន​ជា​ជនរងគ្រោះ​មិន​ប្ដឹង​ នោះ​បាន​សេចក្ដី​ថា​នគរបាល ឬ​ ​តុលការ ​មិនមាន​សិទ្ធិ​ចូលចាត់ចែង​និង​ចាត់ការ​ទៅ​តាម​នីតិវិធីនោះ​ទេ​ ឬ​ក្នុង​ករណី​ដែល​ជន​រងគ្រោះ​បា​ន​​ដាក់​ពាក្យ​ប្ដឹង​ហើយ​ តែ​ស្រាប់​តែ​សម្រេ​ចដក​ពាក្យ​ប្ដឹង​វិញ​ ក៏​សមត្ថកិច្ច​ និង​ តុលាការ​មិន​មាន​សិទ្ធិ​ហាមឃាត់។ ជា​រួម​បើ​ជន​រង​គ្រោះ​ជា​ម្ចាស់​បណ្ដឹង​ព្រហ្មទណ្ឌ ហើយ​មាន​សិទ្ធិ​ប្ដឹង​ ឬ​ដក​ពាក្យ​ប្ដឹង​បាន​នោះ​ នឹង​ធ្វើ​ឱ្យ​បទ​ល្មើស​អាច​កើត​មាន​ឡើង​ពេញ​ស្រុក​ភូមិ​ ​ពេញ​សង្គម​ជាតិ​ ក្លាយ​ទៅ​​អនាធិបតេយ្យ​​ និង​បង្ក​ឱ្យ​មាន​ចលាចល។ ប្រការ​បែបនេះ​នឹង​ផ្ដល់​អំណោយ​ផល​ដល់​ជន​ល្មើស​ដែល​ ​​មាន​ឥទ្ធិពល​ មាន​អំណាច និង​លុយកាក់។ ឧទាហរណ៍ថា​ បុគ្គល​ (ក) ទៅ​រំលោភ​នារី (ខ) ប៉ុន្តែ​នៅ​ពេល​បុគ្គល​ (ក) យក​លុយកាក់ទៅ​សងជា​សំណង​​ដល់​​នារី ​(ខ)​ ហើយ​នៅ​ពេល​ភាគី​ (ខ) ឃើញ​លុយ​ច្រើន​ហើយ​សុខ​ចិត្ត​ដក​បណ្ដឹង​ ឬ​ករណី​រំលោភហើយ​ ជនរងគ្រោះ​ទទួល​បាន​លុយ​សំណង​ហើយ​ មិន​​ព្រម​ប្ដឹង​ផ្ដល់​ ខណៈ​ សមត្ថកិច្ច​ និង តុលាការ​មិនមាន​សិទ្ធ​ចាត់ចែង​លើ​ពាក្យ​បណ្ដឹង​នេះ​ទេ​នោះ​ ​ពិត​ណាស់​បទ​ល្មើស​នឹង​កើត​មាន​គ្រប់​ទី​កន្លែង​ ព្រោះ​អ្នក​មាន​ប្រាក់​ មាន​អំណាច​ មាន​តួនាទី​ អាង​យក​លុយ​មក​បិទមាត់ ចំណែក​ជន​រងគ្រោះ​មិន​ហ៊ាន​ប្ដឹង​ព្រោះ​ខ្លាច​អំណាច​និង​តួនាទី​របស់​ជន​បង្ក​ ដូច្នេះ​ដើម្បី​ការពារភាគី​ជនរងគ្រោះ ​ចង់​ដក​ពាក្យ​ប្ដឹង​ ឬ​មិន​ប្ដឹង ដែល​បង្កឱ្យ​មាន​ក្លាយ​ជា​រឿង​អនាធិបតេយ្យ​ក្នុង​សង្គម។​ សរុប​មក​វិញ​ក្នុង​ករណី​លោក​ អេដវីន​ នេះ​ ទោះ​ជា​ភាគី​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ព្យាយាម​ដក​ពាក្យ​ប្ដឹង​យ៉ាង​ណា​ក៏​ដោយ ការ​ដក​ពាក្យ​ប្ដឹង​របស់​អ្នក​នាង​ គឺ​គ្រាន់​តែ​ដក​​​បណ្ដឹង​រដ្ឋ​ប្បវេណី ឬ​សំណង​ជួសជុល​ការ​ខូច​ខាត​ ​និង​សំណង​ផ្លូវចិត្ត​តែ​ប៉ុណ្ណោះ ក្នុង​រឿង​នេះ​ច្បាប់​អនុញ្ញាត​ឱ្យ​ប្ដឹង​ក៏​បាន​ មិន​ប្ដឹង​ក៏​បាន​​ ព្រោះ​ជា​ផល​ប្រយោជន៍​ឯកជន​ ហេតុនេះ​តុលាការ​ទុក​ឱ្យ​បុគ្គល​ខ្លួនឯង​ជា​អ្នក​សម្រេច​ ​ប៉ុន្តែ​ការ​ដក​បណ្ដឹង​រដ្ឋប្បវេណី​ មិន​បានធ្វើ​ឱ្យ​​បណ្ដឹង​អាជ្ញា​ ឬ​បណ្ដឹង​ព្រហ្ម​ទណ្ឌ​ដែល​​អយ្យការ​មាន​ព្រះ​រាជអាជ្ញា ព្រះរាជអាជ្ញា​រង ​ជា​ម្ចាស់​បណ្ដឹង​នោះ​បាន​ឡើយ​ បាន​សេចក្ដី​ថា​ ព្រះ​រាជអាជ្ញា​ ព្រះរាជអាជ្ញារង សមត្ថកិច្ច​នគរ​បាល​យត្តិធម៌ នៅតែ​អាច​កសាង​សំណុំ​រឿង​ ចាត់​នីតិវិធី​បន្ត​បន្ទាប់​ បញ្ជូន​ទៅ​តុលាការ​បើក​​ការ​ស៊ើប​អង្កេត និង​បើក​ការ​ជំនុំ​ជំរះ​សម្រេច​ទោស​នៅ​ពេល​ខាង​មុខ​ដដែល​។​ ​​​​»​

សូម​បញ្ជាក់​ថា​ ​រឿង​ព្រហ្មទណ្ឌ ឬក៏​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ រឿង​អាជ្ញា ឬ​ក៏​បទ​ល្មើស​អាជ្ញា​ បណ្ដឹង​ព្រហ្ម​ទណ្ឌឬ​បណ្ដឹង​អាជ្ញា​ មិនមែន​​ជា​រឿង​បុគ្គល​ឯកជន​ ឬ​ជា​រឿង​រូប​វន្ត​បុគ្គល​នោះ​ទេ​ តែ​ជា​រឿង​របស់​សង្គម​ទាំង​មូល​ ទោះ​ជា​រឿង​នោះ​កើត​លើ​តែ​ភាគី​ (ក) ឬ​ បុគ្គល​ (ក​) ​ក៏​ដោយ​ តែ​ច្បាប់​ចាត់​ទុក​ថា​ជា​រឿង​របស់​សង្គម​ទាំង​មូល​ អ្នក​ដែល​គ្រប់គ្រង​សន្តិសុខ​សង្គម​ តំណាង​ឱ្យ​សង្គម​ គឺ​ស្ថាប័ន​អយ្យការ​ ដែល​មានព្រះ​​រាជ​អាជ្ញា​ ព្រះ​រាជ​អាជ្ញា​រង​ ហើយ​ស្ថាប័​ននេះ​ជា​ អភិបាល​ បញ្ជា​ ដឹកនាំ ទៅ​លើ​នគរ​បាល​យុត្តិធម៌​ ស៊ើប​អង្កេត និង​កសាង​សំណុំ​រឿង​។ សរុប​មក​វិញ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ​មិនមែន​ជា​ផល​ប្រយោជន៍​សម្រាប់​តែ​​បុគ្គល​ឯក​ជន ជន​រងគ្រោះ​តែ​ម្នាក់​នោះ​ទេ​ តែ​ជាផល​ប្រយោជន៍​របស់​សង្គម​ទាំង​មូល​ ឬ​ជា​រឿង​របស់​សង្គម​ទាំង​មូល​ ក្រោម​ការ​ចាត់ចែង​ដោយ​ស្ថាប័ន​អយ្យការ​មាន​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង​ជា​អ្នក​ទទួល​បន្ទុក៕

Share.