ព្រះសីហនុ៖ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុ សំណាងល្អនៅមានជីវិតនៅឡើយ ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺថ្ងៃ៣០មករា២០២៣។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ នៅពេលដែលទូកចាប់ផ្តើមលិច ពួកគាត់បានប្រើ ពិដុងទឹកជរ័ បណ្តែតខ្លួនក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែលទើបត្រូវបានទូកនេសាទដូចគ្នាប្រទះឃើញនិងជួយសង្គ្រោះពីសមុទ្រនៅចំណុចជិតកោះថាស។

ក្រោយទទួលដំណឹងថាជនរងគ្រោះនៅមានជីវិត លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿនទៅទទួលយកជនរងគ្រោះនាំមកកាន់ដីគោកក្នុងក្រុងព្រះសីហនុ ក្នុងនោះលោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់មួយលានរៀលផងដែរនិងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះទាំង២ដែលមានរបួសស្លាកស្នាម ដោយសារតែខំប្រឹងតោងឱបពិដុងទឹកបណ្តែតខ្លួនក្នុងសមុទ្រច្រើនម៉ោង។

ជនរងគ្រោះទី១.ឈ្មោះ នៅ គឹមយ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបរទូកនេសាទ មានស្រុកកំណេីតនៅ ខេត្តព្រៃវែង ។ទី២-ឈ្មោះ អេង អឿន ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ នេសាទ មានស្រុកកំណេីតនៅខេត្តកែប បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ជនរងគ្រោះបានបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យទូកលិច គឺមកពី មានខ្យល់ធ្លាក់ខ្លាំង ទឹករលកធំៗ និងម៉ូទ័របូមទឹកខូច ទេីបបណ្តាលឲ្យទូកលិច។

ក្រោយទទួលដំណឹងពីករណីលិចទូកហើយបាត់ខ្លួនមនុស្សនៅលើទូក២នាក់ លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប៊រ័ល្បឿនលឿន សហការជាមួយសមត្ថកិច្ចចេញស្វែងរកក្នុងលម្ហសមុទ្រ ជាមួយនិងការប្រកាសឲ្យទូកនេសាទឬអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ប្រសិនបើប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមរាយការណ៏និងសហការដើម្បីជួយសង្គ្រោះ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានកោតសរសើរ និងថ្លែងអំណរគុណសម្រាប់ការជួយសង្គ្រោះ ជនរងគ្រោះដែលលិចទូកនេះ តាមរយៈកិច្ចអន្តរាគមន៌ពីក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមត្ថកិច្ចអាជ្ញាធរពាក់ពន្ធ័ និងបងប្អូនអ្នកនេសាទដូចគ្នា ដែលស្វែងរកនិងជួយជនរងគ្រោះបានជោគជយ័៕

អត្ថបទ៖ ព្រះសីហនុ

Share.