ក្រុមហ៊ុនផលិតសារធាតុគីមីរបស់រុស្ស៊ី Fores បានប្រកាសផ្ដល់រង្វាន់ជាទីគាប់ចិត្តសម្រាប់ទាហានរូបណាដែលកម្ទេចរថក្រោះដែលផលិតដោយលោកខាងលិចដែលបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ការប្រកាសនេះបានកើតឡើងនៅពេលដែលទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង ប៊ែរឡាំង ប្រកាសផ្ដល់ជំនួយរថក្រោះឲ្យទីក្រុង កៀវ កាលពីសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ អង្គារ ទី ៣១ ខែ មករា ឆ្នាំ ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា «ទាហានរុស្ស៊ីរូបណាដែលកម្ទេច ឬ រឹបអូស រថក្រោះ Leopard2 របស់អាល្លឺម៉ង់ ឬ រថក្រោះ Abrams របស់អាមេរិក នឹងទទួលបានប្រាក់រង្វាន់ជាទីគាប់ចិត្ត»។

ក្រុមហ៊ុន Fores នឹងបង់ប្រាក់ចំនួន ៥លានរូប្លែ ស្មើនឹង ៧០,៧០០ដុលា្លរអាមេរិក សម្រាប់ការកម្ទេចរថក្រោះមួយគ្រឿង។

ក្រុមហ៊ុនបានបន្ថែមថា ប្រសិនបើអ៊ុយក្រែនទទួលបានយន្ដហោះចម្បាំង F-15 និង F-16 មែននោះ ក្រុមហ៊ុន Fores នឹងផ្ដល់រង្វាន់ ១៥លានរូប្លែ ស្មើនឹង ២១២,១០០ដុល្លារអាមេរិក សម្រាប់ការបាញ់ទម្លាក់យន្ដហោះ ១គ្រឿង។

កាលពីសប្ដាហ៍មុន ទីក្រុង ប៊ែរឡាំង បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ឲ្យទីក្រុងកៀវ នូវរថក្រោះ Leopard2 ចំនួន ១៤គ្រឿង ហើយអនុញ្ញាឲ្យមានការចែកចាយរថក្រោះដែលផលិតដោយអាល្លឺម៉ង់ ពីសំណាក់ប្រទេសអឺរ៉ុបផ្សេងទៀតដែរ ខណៈអាមេរិកក៏បានប្រកាសសន្យាផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿង ឲ្យអ៊ុយក្រែនផងដែរ។

ទោះបីជាយ៉ាងណា ប្រទេសរុស្ស៊ីនៅតែប្រកាន់ខ្ជាប់ថា សព្វាវុធបរទេសនឹងធ្វើឲ្យជម្លោះជាមួយអ៊ុយក្រែនកាន់តែរីកធំ និង ក្បត់ប្រវត្ថិសាស្រ្ត។ ខណៈវិមានក្រឹមឡាំងបានបញ្ជាក់ថា រថក្រោះលោកខាងលិចនៅអ៊ុយក្រែន នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់៕

ប្រភព៖ RT

Share.