ប៉ូលីសបាននិយាយកាលពីថ្ងៃ អង្គា (ម៉ោងក្នុងស្រុក)ថា ក្មេងប្រុសចំនួន ៤៩នាក់បានស្លាប់ នៅពេលដែលទូករបស់ពួកគេផ្ទុកលើសទម្ងន់ហើយបានក្រឡាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣។

ក្មេងប្រុសទាំងអស់មានអាយុចាប់ពី ៧ឆ្នាំ ដល់ ១៤ឆ្នាំ ហើយពួកគេសុទ្ធតែជាសិស្សនៃសលា Madrasah ដោយពួកគេបានជួបហេតុការណ៍ដ៏អាក្រក់នេះនៅពេលដែលធ្វើដំណើរកំសាន្ដពេញ ១ថ្ងៃ ទៅកាន់បឹង Tanda Dam។

លោក Khateer Ahmad មន្រ្តីជាន់ខ្ពស់នៃក្រុមជួយសង្រ្គោះ 1122 បាននិយាយថា «ទឹកបឹងត្រជាក់ខ្លាំងដោយសារតែអាកាសធាតុ បានរារាំងបេសកកម្មជួយសង្រ្គោះ។ ប៉ុន្ដែថ្ងៃនេះ អ្នកមុជទឹក អាចមុជបានជ្រៅដើម្បីស្រង់សពដែលនៅសេសសល់»។ លោក Khateer បន្ថែមថា សាកសពគ្រូបង្រៀនម្នាក់ និង អ្នកបើកទូកម្នាក់ ក៏ត្រូវបានស្រង់ចេញពីទឹកដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ចំនួន ៥១នាក់។

ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងកាលពីថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ហើយក្រុមអ្នកមុជទឹកត្រូវចំណាយពេល ៣ថ្ងៃ ដើម្បីរកសពក្មេងៗទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សចំនួន ៥នាក់ ត្រូវបានជួយសង្រ្គោះ ក្នុងនោះមានសិស្ស ៤នាក់ និង គ្រូបង្រៀនម្នាក់ បានរួចជីវិតពីហេតុការណ៍នេះ។

ទាក់ទិននឹងបញ្ហនេះ អ្នកនាំពាក្យប៉ូលីស លោក Fazal Naeem បានបញ្ជាក់ប្រាប់អ្នកកាសែត AFP ថា «ទូកនេះផ្ទុកលើសទម្ងន់ ដោយទូកនេះអាចផ្ទុកមនុស្សបានត្រឹមតែ ២០ ទៅ ២៥នាក់ប៉ុណ្ណោះ»។

ហេតុការណ៍លិចទូក តែងតែកើតមាននៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែទូកភាគច្រើន ចាស់ៗ និង ផ្ទុកលើសទម្ងន់។

សូមជម្រាបថា បឹង Tanda Dam មានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីសាលា Madrasah ដែលជាសាលាឥស្លាម ផ្ដល់ការអប់រំសាសនាដោយឥតគិតថ្លៃនៅតំបន់ Kohat ក្នុងខេត្ត khyber Pakhtunkhwa៕

ប្រភព៖ CNA

Share.