កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពបន្លំលួចម៉ូតូគេជិះយកទៅបញ្ចាំ និងអ្នកទទួលទិញផលចោរកម្មម្នាក់ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ នុន ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។
ទី២.ឈ្មោះ សុខ វណ្ណី ភេទប្រស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងឡាន ។ ជនង្ស័យមានសារធាតុញៀនក្នុងទឹកនោម។


ក្នុងប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចដកហូតសម្ភារៈដូចជា ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ផលិតឆ្នាំ២០០៦ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1C-6074 ជារបស់ជនរងគ្រោះ។

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុ ជនសង្ស័យបានសុំខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ថា ទៅលេងផ្ទះមិត្តភក្តិ ក៏ទៅបាត់រហូតតែម្តង។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ ។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០១ខែកុម្ភៈឆ្នាំ០២៣ ទើបកម្លាំងប៉ុស្តិ៍ កំណត់មុខសញ្ញាបាន រហូតឈានដល់ឃាត់ជនសង្ស័យ ម្នាក់យកមកសួរនាំនៅប៉ុស្តិ៍ ។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅបញ្ចាំឲ្យឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១៥០ដុល្លារ ។ ភ្លាមៗ កម្លាំងប៉ុស្តិ៍កំពង់សំណាញ់ បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍ព្រែកកំពឹស ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត និងវត្ថុតាង ក្នុងបទល្មើសទទួលផលចោរកម្ម យកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿងបញ្ជូមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.